អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវត្រៀមលក្ខណៈជាមុន ដើម្បីពិនិត្យ និងព្យាបាលជំងឺកូវីត១៩ ប្រសិនបើមានករណីនេះ ផ្ទុះឡើងនៅខេត្តមណ្ឌលគិរី


មណ្ឌលគិរី៖ ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា ឫកូវីត ១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវត្រៀមលក្ខណៈជាមុន ដើម្បីពិនិត្យ និងព្យាបាលជំងឺកូវីត១៩ ប្រសិនបើមានករណីនេះ ផ្ទុះឡើងនៅខេត្តមណ្ឌលគិរី ឯកឧត្តម មានប្រសាសន៍ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ ដែលមកតាមបណ្តាមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព នៅទូទាំងខេត្ត សរុបប្រមាណជា៦០នាក់ ដែលប្រព្រឹត្តទៅនៅមន្ទីរសុខាភិបាលខេត្ត នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាពនៃជំងឺវីរុសកូរ៉ូណាប្រភេទថ្មី ឫកូវីត ១៩ បាននិងកំពុងរីករាលដាលយ៉ាងខ្លាំងនៅពាសពេញទាំងក្នុងតំបន់ និងពិភពលោក ហើយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងដាក់វិធានការនានា ដើម្បីរួមសហការគ្នា ទប់ស្កាត់ ការរីករាលដាលនៃជំងឺប្រភេទថ្មីនេះ។

ឯកឧត្តម បញ្ជាក់ថា នៅប្រទេសកម្ពុជា រហូតមកដល់ពេលនេះ មានការឆ្លងនៃជំងឺកូវីត១៩ មានចំនួន ៩១ករណី ក្នុងនោះ ក៏មានអ្នកជាសៈស្បើយមួយចំនួនផងដែរ ដោយឡែក សម្រាប់ខេត្តមណ្ឌលគិរី គិតត្រឹមល្ងាចថ្ងៃទី២៥ ខែមីនានេះ មិនទាន់មានរកឃើញករណីសង្ស័យ ឫផ្ទុកជំងឺកូវីត១៩នោះទេ ទោះជាយ៉ាងណា ឯកឧត្តម អភិបាលខេត្ត ក៏បានអនុវត្តតាមការណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានត្រៀមនៅបន្ទប់ចំនួន ២០បន្ទប់ ស្មើនឹង ៤០គ្រែ រួមទាំងសម្ភារៈ និងបរិក្ខាពេទ្យមួយចំនួនទៀត ដើម្បីត្រៀមបង្ការ ក្នុងករណីមានអ្នកផ្ទុកជំងឺកូវីដ១៩ នេះផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានណែដល់អាជ្ញាធរ និងសមត្ថកិច្ច រួមទាំងក្រុមគ្រូពេទ្យទាំងអស់ ត្រូវរួមសហការ ក្នុងការបង្ការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺប្រភេទថ្មីនេះ ជាពិសេស ត្រូវផ្សព្វផ្សាយតាមប្រព័ន្ធវិទ្យុ នឹងតាមបំពងសម្លេង អំពីវិធីបង្ការ និងទប់ស្កាត់ការរីកការរាលដាលនៃជំងឺកូវីត ១៩នេះ ដើម្បីឱ្យប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន មានការយល់ដឹងកាន់តែច្បាស់ នឹងត្រូវពិនិត្យស្រាវជ្រាវប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស ដែលគាត់ទើបត្រលប់មកពីបណ្តាប្រទេសផ្សេងៗ ចូលមកកាន់ខេត្តមណ្ឌលគិរី ហើយត្រូវណែនាំដល់ពួកគាត់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ។

តាមរបាយការណ៍របស់លោកវេជ្ជៈបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្ត មានក្រុមឆ្លើយតបនឹងជំងឺកូវីត១៩ សរុប ៥៧នាក់ មន្រ្តីចត្តាឡីស័ក ដែលប្រចាំនៅច្រកទ្វារភាគីព្រំដែនទាំងបីចំនួន ០៦នាក់ និងមានក្រុមគ្រូពេទ្យដែលត្រៀមសម្រាបការព្យាបាល ក្នុងករណីសង្ស័យមានជំងឺកូវីត១៩ ចំនួន ២៥នាក់។ ហើយមានក្រុមគ្រូពេទ្យប្រចាំការ ដើម្បីត្រួតពិនិត្យសុខភាពដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវចំនួន ២កន្លែង គឺព្រំប្រទល់ខេត្តក្រចេះ និងខេត្តរតនៈគិរី ដែលបានដាក់តាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ជាលទ្ធផលសរុបចំនួន ៩៦២នាក់ ក្នុងនោះ មានជនជាតិខ្មែរចំនួន ៣៩៩នាក់ ខ្មែរ-ឥស្លាមចំនួន ២៨៣នាក់ និងជនបរទេសចំនួន ៩២នាក់ ក្នុងនោះ ក្រុមគ្រូពេទ្យបានពិនិត្យផ្ទាល់ដល់កន្លែងបានចំនួន ៣៩នាក់ (ចិន ៣២នាក់,ខ្មែរ-ឥស្លាម ៦នាក់ និងខ្មែរ ១នាក់ ហើយបានប្រមូលសំណាក់វិភាគ ១នាក់ ដែលលទ្ធផលអវិជ្ជមាន ហើយ ៣នាក់ ដាក់ឱ្យនៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ នៅក្នុងវិហារឥស្លាម។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានឧបត្ថម្ភម៉ាស់ការពារ ចំនួន ៦០០ម៉ាស់ និងឧបករណ៍វាស់កំដៅចំនួន២ រួមទាំងផ្តល់ថវិកាជូនដល់លោកគ្រូ អ្នកគ្រូពេទ្យចំនួន ៦០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀលផងដែរ៕