អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់កងកម្លាំង និងក្រុមគ្រូពេទ្យ ត្រូវពង្រឹងការចុះត្រួតពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញ-ចូលមកកាន់ខេត្តមណ្ឌលគិរី


មណ្ឌលគិរី៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ ដែលកំពុងរីករាលដាលនៅក្នុងតំបន់ និងពិភពលោក ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់កងកម្លាំង និងក្រុមគ្រូពេទ្យ រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការចុះត្រួតពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញ-ចូលមកកាន់ខេត្តមណ្ឌលគិរី ឯកឧត្តម បានមានប្រសាសន៍ ក្នុងពិធីចុះសួរសុខទុក្ខកងកម្លាំង និងក្រុមគ្រូពេទ្យ ដែលប្រចាំការនៅព្រំប្រទល់ខាងមណ្ឌលគិរី-រតនគិរី ដើម្បីពិនិត្យមើលសុខភាពប្រជាពលរដ្ឋ ក្នុងការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ ដែលប្រព្រឹត្តិទៅនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានជំរុញលើកទឹកចិត្តដល់កងកម្លាំង និងក្រុមគ្រូពេទ្យ រួមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ ក្នុងការចុះត្រួតពិនិត្យ និងវាស់កំដៅដល់ប្រជាពលរដ្ឋ ហើយអប់រំណែនាំដល់ពួកគាត់ ដែលធ្វើដំណើរចេញចូលពីខេត្តរតនគិរី និងបណ្តាខេត្តផ្សេងៗទៀត មកកាន់ខេត្តមណ្ឌលគិរី ឱ្យមានការយល់ដឹង និងវិធានការបង្ការ ទប់ស្កាត់ ការឆ្លងនៃជំងឺដ៏កាចសាហាវនេះ ជាពិសេស ប្រជាពលរដ្ឋ ដែលមកពីបណ្តាប្រទេសជិតខាង ត្រូវឱ្យពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន។

ឯកឧត្តម បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់មានករណីរកឃើញមានការសង្ស័យ ឫផ្ទុកជំងឺកូវីត១៩នោះទេ ទោះជាយ៉ាងណា អាជ្ញាធរខេត្ត រួមទាំងសមត្ថកិច្ចទាំងអស់ បានអនុវត្តនូវការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានធ្វើការអប់រំផ្សព្វផ្សាយតាមបំពងសម្លេង និងផ្ទាំងរូបភាព ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានស្តីពីវិធីកាត់បន្ថយហានិភ័យពីការការឆ្លងរីករាលដាលនៃជំងឺកូវីត១៩។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសំអាតអនាម័យខ្លួនប្រាណឱ្យបានស្អាត និងអនុវត្តន៍តាមការណែនាំដល់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណា ចូលរួមបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានឧបត្ថម្ភភេសជ្ជៈ ទឹកបរិសុទ្ធ និងថវិកាចំនួន ៤០០$ ផ្តល់ជូនកងកម្លាំង និងក្រុមគ្រូពេទ្យ ដែលប្រចាំការនៅព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី ដើម្បីចាត់ចែកដោះស្រាយការហូបចុកប្រចាំថ្ងៃ ក្នុងពេលចុះយុទ្ធនាការ បង្ការទប់ស្កាត់ និងការឆ្លងរីករាលដាលនៃជំងឺកូវីត១៩នេះផងដែរ៕