អាជ្ញាធរជាតិអប្សរាមមាញឹករៀបចំប្រព័ន្ធទឹកស្រោចស្រពស្មៅនៅក្នុងបរិវេណប្រាសាទ អង្គរវត្ត


ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដំណើរការរៀបចំប្រព័ន្ធទឹកស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទ អង្គរវត្ត ត្រូវការរយៈពេល២ខែទើបបញ្ចប់។ ឯការបង្កប់ទុយោពីមួយជួរទៅមួយជួរ គឺមានគម្លាត២០ម៉ែត្រពីគ្នា។ ប្រភពទឹកយកមកស្រោចស្មៅ គឺបានពីកសិន្ធុទឹកដែលព័ទ្ធជុំវិញប្រាសាទ នឹងស្រោចនៅពេលល្ងាចដើម្បីចំណេញទឹកនិងមិនរំខានដល់ទេសចរផង។

ក្រោយបញ្ចប់ការងារ លោកជឿជាក់ថា ស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្តនឹងមានភាពបៃតងស្រស់ទាំងរដូវប្រាំងនិងរដូវវស្សា ពិសេសទាក់ទាញទេសចរឱ្យមកទស្សនាបូជនីយដ្ឋានដ៏ពិសិដ្ឋនេះបានកាន់តែច្រើន។

ក្រៅពីសង្គ្រោះស្មៅ ក្រុមការងារក៏នឹងរៀបចំផ្លូវដើរក្នុងបរិវេណប្រាសាទអង្គរវត្តឱ្យត្រូវតាមគម្រោង ហើយការរៀបចំប្រព័ន្ធទឹកស្រោចស្មៅនេះទៀតសោត ក៏នឹងធានាដល់ការបំពេញទឹកក្នុងស្រះខាងជើងនិងស្រះខាងត្បូងឱ្យមានទឹកគ្រប់គ្រាន់គ្រប់រដូវផងដែរ៕