ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ ចុះផ្សព្វផ្សាយ និងអប់រំណែនាំពលរដ្ឋដល់ខ្នងផ្ទះ អំពីវិធានការណ៍ការពារ និងទម្លាប់មានអនាម័យជាប្រចាំ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ កុំឲ្យរីករាលដាលក្នុងសហគមន៍


តាកែវ ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស .២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញ បើកយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យ នៃជំងឺឆ្លងបង្ករដោយកូរ៉ូណាវីរុសថ្មី ព្រមទាំងផ្ដល់ជូន អាល់កុល សាប៊ូ ក្រម៉ា និងចែកខិតបណ្ណផ្សព្វផ្សាយអំពីការទប់ស្កាត់ និងការរីករាលដាលនៃជំងឺកូវីដ១៩ COVID-19 ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិ ត្រពាំងព្រេច ឃុំត្រពាំងសាប និងភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានសរុបចំនួនប្រជាជនប្រម៉ាណ២២០គ្រួសារ ស្មើនឹង ៤៦៥ នាក់ (ស្រី ២៩៧នាក់ កុមារ៦៩នាក់) ក្នុងនោះមានបងប្អូនដែលទើបមកពីក្រៅប្រទេសចំនួន ៩នាក់។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តតាកែវ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែ គិតគូរ យកចិត្តទុកដាក់ ចំពោះ បងប្អូន ប្រជាពលរដ្ឋ ក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិន ប្រកាន់ រើស អើង វណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនឹង នេះដែរ លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់ នូវ អនាម័យ ល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បី ជៀសវាង ពីជំងឺនានា ជាពិសេស ជំងឺឆ្លងកូវីដ១៩ ដែលធ្វើមនុស្សជាតិនៅលើពិភពលោកព្រួយបារម្ភ ដោយអនុវត្តតាមវិធីងាយៗដូចខាងក្រោម៖

១- លាងដៃនិងសាប៊ូទឹកស្អាតឬទឹកអាល់កុល អាល់កុលជេល អោយបានញឹកញាប់។

២- នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់ មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត។

៣- ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់។

៤- កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ។

៥- ជៀសវាងប៉ះពាល់ ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ។

៦- សម្អាត និងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃឲ្យបានញឹកញាប់។

៧- ចំពោះបងប្អូន ដែលទើបមកពីក្រៅប្រទេសទាំង៩ នាក់ ត្រូវនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈ១៤ថ្ងៃ រឺនៅឲ្យឆ្ងាយពីសាច់ញាតិចំនួន២ម៉ែត្រ។ សម្រាប់ព័ត៌មាន បន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានសាខា ក៏បាននាំយកអំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាតជីវភាពចំនួន ៦គ្រួសារផងដែរ
ដោយក្នុងមួយគ្រួសារមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម ឃីដ១ ដែលមានមុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត៥ និងបានចែកអាល់កុលសម្រាប់លាងសម្អាតដៃមួយដប សាប៊ូមួយដុំ ក្រមារម្នាក់១ ក្នុងមួយគ្រួសារៗ។ សូមបញ្ជាក់ផងដែរថា ក្រម៉ាចំនួន ១០០ ជាអំណោយសប្បុរជនគឺ លោកហ៊ីន សារុំ និងលោកស្រី វណ្ឌី ស៊ីវ៉ាត អាជីវករផ្សារតាកែវ ៕