ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រៀបចំពិធីសាសនាបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ពីម្ចាស់ទឹកដី បញ្ជៀសពីជំងឺដង្កាត់ផ្សេងៗ ជាពិសេស ជំងឺកូវីដ១៩


មណ្ឌលគិរី៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈបូជាជូនលោកតាស្រុះ យាយផ្លុំ ភ្នំដោះក្រមុំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ឱ្យជៀសផុតពីជំងឺរាតត្បាតផ្សេងៗ ដែលប្រព្រឹត្តទៅនៅអាស្រមលោកតា ភ្នំដោះក្រមុំ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត បានឧទ្ទិសបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក ជាពិសេសទស្សបារមីដែលថែរក្សាទឹកដីនៃខេត្តមណ្ឌលគិរី មានលោកតាស្រុះ យាយផ្លុំ សូមតាមជួយឃុមគ្រងថែរក្សាប្រជាពលរដ្ឋក្នុងខេត្ត និងប្រជាពលរដ្ឋទូទាំងប្រទេស សូមឱ្យមានសេចក្តីសុខសេចក្តីចម្រើន និងជៀសផុតពីជំងឺដង្កាត់ផ្សេងៗ ជាពិសេស ជៀសផុតជំងីកូវីដ១៩នេះ។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឱ្យដឹងថា សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់រកឃើញករណីសង្ស័យ ឫផ្ទុកជំងឺកូវីដ១៩នៅឡើយទេ ក្នុងនាមអាជ្ញាធរខេត្ត រួមទាំងសមត្ថកិច្ចទាំងអស់ បានអនុវត្តនូវការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានធ្វើការអប់រំផ្សព្វផ្សាយតាមបំពងសម្លេង និងផ្ទាំងរូបភាព ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ស្តីពីវិធីកាត់បន្ថយហានិភ័យពីការការឆ្លងរីករាលដាលនៃជំងឺកូវីត១៩នេះ ជាពិសេស បានដាក់មន្រ្តីជំនាញនៅតាមច្រកព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម នឹងដាក់តាមដងផ្លូវសំខាន់ៗ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កំដៅជូនពលរដ្ឋ ក៏ដូចជាពលករ ឫជនបរទេស ដែលធ្វើចរាចរណ៍ចេញ-ចូលមកខេត្តមណ្ឌលគិរី។ ម្យ៉ាងទៀត អាជ្ញាធរខេត្ត បានត្រៀមរួចជាស្រេច នៅបន្ទប់ និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យ ព្យាបាល រួមទាំងសម្ភារប្រើប្រាស់ ក្នុងករណីមានអ្នកសង្ស័យ ឫផ្ទុកជំងឺកូវីដ១៩នេះ ឱ្យនៅដាច់ដោយឡែកពីគេក្នុងរយៈពេល១៤ថ្ងៃ។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសំអាតអនាម័យខ្លួនប្រាណឱ្យបានស្អាត និងអនុវត្តតាមការណែនាំដល់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណា រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ៕