ធនាគារពិភពលោក អនុម័តឥណទាន២០លានដុល្លារសម្រាប់ជួយកម្ពុជា ក្នុងការឆ្លើយតបនឹងការរាលដាលនៃជំងឺកូវីដ-១៩


(ភ្នំពេញ)៖ ធនាគារពិភពលោក បានអនុម័តលើឥណទានទឹកប្រាក់២០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោង ឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ដែលឥណទាននេះជាលើកដំបូងហើយ នៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការ សម្រាប់ជួយក្នុងសភាពការបន្ទាន់ តាមរយៈយន្តការសេវារហ័ស ក្នុងពេលមានការរាលដាលកូវីឌ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាបានថ្លែងថា «ហិរញ្ញប្បទានតាមរយៈយន្តការសេវារហ័សនេះ នឹងជួយដល់ប្រទេសកម្ពុជា ក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ ផ្នែកសុខាភិបាលទូទាំងសាកលលោក ដែលមិនធ្លាប់មានពីមុនមក ហើយហិរញ្ញប្បទាននេះ គឺសម្រាប់កម្ពុជា យកទៅប្រើដើម្បីជាវការផ្គត់ផ្គង់គ្រឿងបរិក្ខារ និងឧបករណ៍សម្ភារៈពេទ្យចាំបាច់នានា ដើម្បីយកមកធ្វើតេស្តរករោគសញ្ញា និងព្យាបាលជំងឺកូវីដ១៩, កាត់បន្ថយការរាលដាលឆ្លងរបស់មេរោគ, ពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការរាលដាលមេរោគ, និងជួយធ្វើយ៉ាងណា ឲ្យអ្នកជំងឺឆាប់ជាសះស្បើយ និងសេដ្ឋកិច្ចឆាប់បានងើបឡើងវិញ»។

គម្រោងនេះ នឹងជួយកម្ពុជាឲ្យសម្រេចបានតាមគោលដៅ ដែលបានដាក់ចេញនៅក្នុងផែនការមេកូវីដ១៩ របស់ខ្លួន ក្នុងនោះរួមមាន ការពង្រឹងសកម្មភាពទប់ស្កាត់ជំងឺ, ការរកឃើញជំងឺឲ្យបានរហ័ស, ការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងជំងឺ។

គម្រោងនេះ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់មណ្ឌល ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ហើយវានឹងជួយបង្កើនសមត្ថភាពវិភាគរោគសញ្ញា នៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែក នៅទូទាំង២៥ខេត្ត-ក្រុង។ លើសពីនេះ គម្រោងក៏នឹងជួយទៅលើការចំណាយ ក្នុងការជាវការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់ យកមកព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរាលដាលនៃការឆ្លងមេរោគ។

ជាមួយគ្នានេះ គម្រោងនឹងជួយផងដែរ ដល់វិធានការដាក់ពង្រាយ ឲ្យបានរហ័សនូវក្រុមការងារឆ្លើយតបបន្ទាន់ របស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេស តាមរយៈការជួល និងការហ្វឹកហ្វឺនបណ្តុះបណ្តាលបុគ្គលិកបន្ថែម, ពង្រឹងសមត្ថភាពរបស់មណ្ឌលប្រតិបត្តិការបន្ទាន់នៃសេវាសុខាភិបាលសាធារណៈ ដែលសម្របសម្រួលការងារជាមួយកិច្ចខិតខំ ត្រៀមលក្ខណៈនិងឆ្លើយតបជំងឺកូវីដ១៩ទូទាំងប្រទេស និងបង្កើតមណ្ឌលប្រតិបត្តិការបន្ទាន់នៅកម្រិតខេត្តទៀត៕