ព្រះគ្រូពោធិរតនាញាណ ឆន ឆុង ត្រូវបានប្រកាសជាព្រះគ្រូអនុគណស្តីទីក្រុងកំពង់ឆ្នាំង និងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់រោគរាតត្បាតនៃជំងឺកូវីដ១៩


កំពង់ឆ្នាំងៈនាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នៅវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំងបានរៀបចំពិធីស្រោចស្រពសុគន្ធវារី ប្រកាសអនុគណស្តីទីក្រុងកំពង់ឆ្នាំងនិងផ្សព្វផ្សាយវិធានការទប់ស្កាត់រោគរាតត្បាតនៃជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ព្រះបណីតធម្មោ សុខ ថាន ព្រះធម្មវង្សាធិបតីព្រះមេគណខេត្តកំពង់ឆ្នាំង លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោកសៅ ស្ងួនសិលាអនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត។

ព្រះអង្គ នុត មុនី ព្រះលេខាគណខេត្តកំពង់ឆ្នាំងអានសង្ឃប្រកាសដីកា របស់សាលាគណខេត្តកំពង់ឆ្នាំង បានសម្រេចប្រគល់ភារកិច្ច ព្រះគ្រូ ពោធិរតនញាណ ឆន ឆុង ព្រះសមុហ៍អនុគណក្រុង ទៅជាព្រះគ្រូអនុគណស្តីទីក្រុងកំពង់ឆ្នាំង ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោក យិន សាវ៉េន បានអោយដឹងថាៈក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅក្រុងកំពង់ឆ្នាំង មានការរីកចម្រើនជាបន្តបន្ទាប់ ជាមួយនេះវិស័យព្រះពុទ្ធសាសនានៅក្នុងខេត្តកំពង់ឆ្នាំងមានការរីកចម្រើនជាលំដាប់ ប្រជាពលរដ្ឋមានសិទ្ធិគោរពតាមជំនឿសាសនារៀងៗខ្លួន ។ ដោយប្រទេសកម្ពុជាយកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដូចនេះមានប្រជាពលរដ្ឋជាច្រើន បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា ។
បច្ចុប្បន្នស្ថានភាពនៃជំងឺផ្លូវដង្ហើម កំពុងរាតត្បាតនៅទូទាំង សកលលោក ប្រទេសកម្ពុជាក៏មានជំងឺឆ្លងនេះដែរ ​។ លោក យិន សាវ៉េនក៏បានផ្តាំផ្ញើដល់ព្រះចៅអធិការគ្រប់វត្ត ត្រូវធ្វើការអប់រំនិងផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងសុខា
ភិបាលដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តនិងពុទ្ធបរិស័ទអោយយល់និងចូលរួមទប់ស្កាត់អំពីជំងឺឆ្លងថ្មីនេះកុំអោយកើតមាននៅក្នុងវត្ត និង គ្រប់មូលដ្ឋានក្នុងក្រុងកំពង់ឆ្នាំងបានឡើយ ។

លោក សៅ ស្ងួនសិលា បានមានប្រសាសន៍ថាៈ ការប្រកាសផ្តល់ដំណែងដល់មន្រ្តីសង្ឃនាពេលនេះគឺដើម្បីបំពេញអោយបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងការដឹកនាំពុទ្ធសាសនា នៅក្នុងក្រុងកំពង់ឆ្នាំង ក្នុងកសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើនបន្ថែមទៀត។ ពុទ្ធចក្រ និង អាណាចក្រ សំខាន់ផ្សព្វផ្សាយនូវព្រះធម៌ សាមគ្គីធម៌ និងកសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ព្រះបណីតធម្មោ សុខ ថាន បានមានសង្ឃដីកាថាៈ វត្តអារាមជាទីជំរកអប់រំអរិយធម៌ ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឬសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូរ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហិង្សាសង្គម ។