ក្រុមសប្បុរសជននាំយកម៉ាសគុណភាពខ្ពស់ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ប្រគល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត


(ភ្នំពេញ)៖ សប្បុរសជនមួយក្រុម នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ បាននាំយកម៉ាសគុណភាពខ្ពស់ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ប្រគល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រុមសប្បុរសជនរួមមាន លោក ហោ សេរីវឌ្ឍន៍, លោក ប្រាក់ ឈៀង, លោក ម៉ក់ ងយ, លោក ទិត រិទ្ធីពល, លោក តាំង ជុងលី, លោកចៅក្រម ឡុង វណ្ណា, លោកវេជ្ជ.សូត្រ ភារម្យ, លោកស្រី ខែក ខេមរ៉ាត, លោក គួច សុខលី, លោក អ៊ុ វុទ្ធទី, លោក សូ ហាតូ, លោក អ៊ុន លាង, លោក ម៉ែន សំអុល, លោកស្រី ឆី ដាលី, លោក ញិល សូវៀត, លោក ពេជ ដារ៉ូ និង លោក រស់ និមល បានរួមគ្នាកៀរគរនូវអំណោយពីសប្បុរសជននានា មកប្រគល់ជូនក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមាន៥ផ្នែក ដូចជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកមន្ទីរពិសោធន៍ ផ្នែកជំងឺឆ្លង ផ្នែកជំងឺទូទៅ ទឹកនោមផ្អែម និងសន្លាក់ ផ្នែកថែទាំ និងបង្ការការចំលងរោគ។

អំណោយដែលនាំមកនាពេលនេះ រួមមានម៉ាសគុណភាពខ្ពស់ (3M)ចំនួន ៤៨០ម៉ាស់ សម្រាប់វេជ្ជបណ្ឌិតជួរមុខប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន មានត្រីខកំប៉ុងម៉ាកចុងភៅធំចំនួន៥០០កំប៉ុង Domino’s Pizza ចំនួន៥០ប្រអប់ និងទឹកពិសារប៉ូវសុខភាព Pocari Sweat ចំនួនជាង ១០០០ កំប៉ុង ទឹកបរិសុទ្ធវីតាល់ចំនួន៣០កេស និង Spray ទឹកលាងដៃអនាម័យម៉ាក LanXinKou ចំនួន១០០ដប Spray លាងដៃ SCYS ចំនួន ៣0 ដប។
ថវិកាដែលទទួលបាននាពេលនេះ ក្រុមសប្បុរសជនបានប្រគល់មួយ ផ្នែកជូនដល់ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា និងថវិកាមួយផ្នែកបានរៀបចំទិញ និងទទួលការបរិច្ចាកជាអំណោយដូចខាងលើ ដើម្បីប្រគល់ជូនដល់មន្ទីរពេទ្យនាពេលនេះ។

លោកសាស្រ្តាចារ្យវេជ្ជ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមសប្បុរសជន ដែលខិតខំកៀរគរជំនួយពីសប្បុរសជន ចូលរួមផ្តល់ជាអំណោយដល់មន្ទីរពេទ្យនាពេលនេះ ដែលអំណោយទាំងនេះ ពិតជាមានសារៈសំខាន់ដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញការងារយ៉ាងសកម្មនៅជួរមុខ ក្នុងការថែទាំ ពិនិត្យ ព្យាបាលប្រឆាំងនឹងការរាតត្បាតនឹងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ក្នុងពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ កំពុងជួបនូវការរាតត្បាតនៃជំងឺកូវីដ១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអំពាវនាវដល់វិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលរួមគ្នាប្រយុទ្ធប្រឆាំង នឹងការវាយលុកពីជំងឺដ៏អាក្រក់នេះ។

ក្រុមសប្បុរជនក៏បានអំពាវនាវ បន្តដល់សាធារណជនទាំងអស់ មេត្តាជួយគ្នាទៅវិញទៅមកក្នុងគ្រាដ៏លំបាកនេះ ហើយក៏សន្យាជួយ ទៅដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលកំពុងជួបទុកលំបាកបន្តទៀត៕