អ្នកធ្វើការឬអ្នកធ្វើដំណើរចេញចូលភ្នំពេញមកពីក្រុងតាខ្មៅ ឬមកពីព្រែកព្នៅ នឹងមិនរងការស្ទះចរាចរណ៍ធ្វើដំណើរទៀតទេនាអនាគតខាងមុខនេះ ដោយសារតែសាលារាជធានី នឹងផ្តល់មធ្យោបាយកប៉ាល់ដឹកជញ្ជួនទៅ វិញទៅមក។
យោងតាមការប្រជុំរបស់សាលារាជធានីភ្នំពេញ កាលពីម្សិលមិញនេះ កប៉ាល់លឿនប្រមាណ ២០គ្រឿង នឹងដាក់អោយដំណើរការតាមផ្លូវទឹក ដែលនឹងចាប់ផ្តើមក្នុងរង្វង់ខែមេសាខាងមុខនេះ។ អភិបាលរាជ ធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់អំពីមធ្យោបាយធ្វើដំណើរដឹកជញ្ជូននោះ ដែលគម្រោងនឹងដឹកអ្នក ដំណើរតាមចំណតដែលនឹងមាននៅទន្លេសាប… នៅទន្លេចតុមុខ… នៅទន្លេបាសាក់ ចាប់ពីស្ពានព្រែកព្នៅខណ្ឌ ព្រែកព្នៅ រហូតមកដល់រាជធានីភ្នំពេញ និងបន្តដល់ក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមគម្រោងសេវាដឹកជញ្ជូន អ្នកដំណើរតាមផ្លូវទឹកនោះ នឹងចាប់ផ្ដើមពីម៉ោង៦ព្រឹក ដល់ម៉ោង៨យប់ ដែលមានចម្ងាយធ្វើដំណើរជាង២៤ គីឡូម៉ែត្រ។ សាលារាជធានី នឹងសាងសង់ផែ និងចំណតអ្នកដំណើរចំនួន៩កន្លែង រវាងពីព្រែកព្នៅនិងក្រុងតាខ្មៅ និងប្រើកប៉ាល់ល្បឿនលឿនចំនួន ២០គ្រឿង ដែលកប៉ាល់១គ្រឿងអាចផ្ទុកអ្នកដំណើរ ចំណុះបាន ៩០នាក់។ កប៉ាល់នោះ អាចបើកបរក្នុងល្បឿន ពី៣០ទៅ៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ការធ្វើដំណើរពីចំណត១ ទៅចំណត១ នឹងប្រើរយៈពេលពី ១២នាទី ទៅ១៥នាទី។ គម្រោងដឹកជញ្ជូនផ្លូវទឹកនេះ នឹងចាប់ផ្តើមនៅខែមេសាខាងមុខនេះ។