រដ្ឋបាលរាជធានីភ្នំពេញ រៀបចំទីតាំង តាមសាលារៀន ដើម្បីអោយកម្មករ កម្មការិនី រោងចក្រ នៅដាច់ដោយឡែក១៤ថ្ងៃ បន្ទាប់ពួកមកពីស្រុកកំណើត ក្រោយថ្ងៃចូលឆ្នាំ


ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំង នៅតាមសាលារៀនរដ្ឋចំនួន២៧ សម្រាប់កម្មករ កម្មការិនី ជាង១ម៉ឺន៥ពាន់នាក់ ដាក់អោយស្នាក់នៅដាច់ដោយឡែក ក្រោយពួកគាត់វិលត្រឡប់ពីស្រុកកំណើតវិញ បន្ទាប់ចូលឆ្នាំខ្មែរ ហើយនៅចំពោះមុខនេះ បានសម្រេចយក សាលារៀនចំនូន៣ គឺ វិទ្យាល័យជម្ពូវ័ន្ត វិទ្យាល័យ ឬស្សីកែវ និងអនុវិទ្យាល័យគោកបញ្ជាន់ ធ្វើជាទីតាំង សម្រាប់ដាក់ កម្មករ កម្មការិនី ពួកគាត់សម្រេចចិត្តមកស្នាក់នៅដាច់ដោយឡែក ក្នុងរាជធានីភ្នំពេញ ។

ក្នុងដំណើរចុះពិនិត្យទីតាំងតាមសាលារៀន ចំនួនបី កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អោយដឹងថា “ការដាក់កម្មករ កម្មការិនី ដែលត្រឡប់មកពីស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យនៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ គឺធ្វើឡើង ដើម្បីសុខមាលភាព របស់ពួកគាត់ ដែលបម្រើការនៅតាមរោងចក្រទាំងអស់គ្នា”។ ឯកឧត្តម បញ្ជាក់ថា ចំពោះសាលានីមួយៗ គឺមានបន្ទប់ចាប់ពី៣០ ទៅ៥០បន្ទប់។ ហើយ១បន្ទប់គឺដាក់មនុស្សតែ២នាក់ ប៉ុណ្ណោះ។

ឯកឧត្តម ឃួង ស្រេង លើកឡើងថា “ក្នុងនាមអាជ្ញាធរដែនដី ក៏ដូចជារាជរដ្ឋាភិបាល អត់យកទោសពៃអីទេ ការដាក់ឱ្យកម្មករ កម្មការិនី ដែលត្រឡប់មកពីស្រុកកំណើត ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមបន្តថា ប្រសិនបើអាជ្ញាធរមិនចាត់វិធានការបែបនេះទេ បើមានកម្មករ កម្មការិនីណាម្នាក់មានផ្ទុកវីរុស COVID-19 អាចនឹងចម្លងដល់អ្នកដទៃ ព្រមទាំងអាចឱ្យរោងចក្រទាំងមូល ប្រឈមមុខនឹងការបិទទ្វារតែម្តង។ ដូច្នេះ ការអនុវត្តតាមវិធានការណ៍ណែនាំរបស់ក្រសួងការងារ គឺដើម្បីធ្វើយ៉ាងធានាដល់សុខមាលភាពរបស់កម្មករ កម្មការិនីទាំងអស់គ្នាតែប៉ុណ្ណោះ៕