ពិធីប្រគល់-ទទួលម៉ាស់ការពារចំនួន១០.២០០បន្ទះ ស្មើនឹង៣៣៤ប្រអប់ រវាងក្រុមហ៊ុន (Cambodia) Fiber Optic Communication Network Co., Ltd. (CFOCN) និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមចំណែកការពារ និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩


ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោក ជា សុជាតិ នាយករងខុទ្ទកាល័យឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញ្ជើញទទួលម៉ាស់ការពារពីលោក Ouyang Wanhua តំណាងក្រុមហ៊ុន (Cambodia) Fiber Optic Communication Network Co., Ltd. (CFOCN)។

សូមជម្រាបជូនថា៖ ក្រុមហ៊ុន (Cambodia) Fiber Optic Communication Network Co., Ltd. (CFOCN) បានឧបត្ថម្ភម៉ាស់ការពារ(Medical Face Mask) ចំនួន១០.២០០បន្ទះ ស្មើនឹង៣៣៤ប្រអប់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក ក្នុងនោះរួមមានកម្ពុជាផងដែរ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន(Cambodia) Fiber Optic Communication Network Co., Ltd. (CFOCN) កំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយផ្តោតជាសំខាន់លើការវិនិយោគ វិស័យសំណង់ ប្រតិបត្តិការជួល/លក់បណ្តាញខ្សែកាបអ៊ុបទិក ការបញ្ជូនទិន្នន័យ និងសេវាអ៊ីនទ័រណែតនៅទូទាំងប្រទេសផងដែរ។

ជួសមុខឱ្យថ្នាក់ដឹកនាំក្រសួង លោក ជាសុជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន (Cambodia) Fiber Optic Communication Network Co., Ltd. (CFOCN) ដែលបាននាំយក ម៉ាស់ការពារមកប្រគល់ជូនក្រសួងដើម្បីចូលរួមទប់ស្កាត់ និងបង្ការការចម្លងមេរោគកូវីដ-១៩ និងបានគូសបញ្ជាក់ថា៖ នេះជាកាយវិការប្រកបដោយទឹកចិត្តសប្បុរសធម៌ជួយគ្នាក្នុងគ្រាលំបាក បង្ហាញនូវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Ouyang Wanhua បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេស ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជានិច្ចកាលបានផ្តល់ការគាំទ្រជាច្រើននាពេលកន្លងមកលើគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ៕