សហគមន៍កសិកម្មបន្លែបៃតង ពង្រកងវ៉ា កំពុងមានភាពសកម្មក្នុងការដាំដុះដំណាំកសិកម្មលើផ្ទៃដីជាង ៤០,៥ ហិកតា


សហគមន៍កសិកម្មបន្លែបៃតង ពង្រកងវ៉ា ដែលមានទីតាំងស្ថិតនៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងមានភាពសកម្មក្នុងការដាំដុះដំណាំកសិកម្មលើផ្ទៃដីជាង ៤០,៥ ហិកតា ដោយក្នុងនោះ ផ្ទៃដីប្រមាណជា ២៧,៥ ហិកតា សមាជិកសហគមន៍អាចមានលទ្ធភាពធ្វើការដាំដុះពេញមួយឆ្នាំ និងផ្ទៃដីចំនួន ១៣ហិកតា អាចដាំដុះតាមរដូវកាលដែលមានទឹក សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ដោយទទួលបានការសម្របសម្រួលចងក្រងជាបណ្តុំអាជីវកម្មដំណាំបន្លែពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សមាជិក ៤៦គ្រួសារនៃចំនួន ៥៥គ្រួសារសរុបនៃសហគមន៍ បាននឹងកំពុងរៀបចំបំពាក់ផ្ទះសំណាញ់ ក្រោមជំនួយរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។

សូមជម្រាបថា ដំណាំ និងទិន្នផលសរុបប្រចាំឆ្នាំដែលសហគមន៍បាននឹងកំពុងទទួលបានពីដាំដុះ និងផ្គត់ផ្គង់មកទីផ្សារក្នុងស្រុករួមមាន៖
• ពោតផ្អែម ចំនួន ៦៦តោន
• ត្រឡាច ចំនួន ១២តោន
• ត្រសក់ ចំនួន ១៧តោន
• បន្លែយកស្លឹក ចំនួន ៥០តោន
• ត្រប់ស្រួយ ត្រប់វែង ចំនួន ៨០តោន
• ប៉េងប៉ោះ ចំនួន ៥តោន
• ននោងជ្រុង ចំនួន ១០តោន
• ល្ពៅ ចំនួន ២០តោន
• ល្ហុង ចំនួន ១០តោន
• ម្ទេស ចំនួន ៥តោន
• ខ្ទឹមបារាំង ចំនួន ១៥តោន
• ខ្ទឹមស ចំនួន ០,៥០តោន