ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ និងដោយមានការចូលរួមពីលោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ និងលោក អនុប្រធានមន្ទីរ ព្រមទាំងសហការី បានចុះផ្សព្វផ្សាយវិធី បង្ការ និងការទប់ស្កាត់ការឆ្លងជំងឺកូវិដ ១៩ នៅក្នុងភូមិចំនួន ៣ គឺភូមិឈូក ភូមិបារាយណ៍ និងភូមិក្របីក្រៀក ក្នុងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមការងារបាន បិទ និងចែកផ្ទាំងរូបភាពអប់រំពីរបៀបលាងសម្អាតដៃបានចំនួន ៤០០ សន្លឹក និង ផ្ទាំងរូបភាពអប់រំពីវិធីកាត់បន្ថយហានិភយ័ពីការឆ្លងជំងឺកូវិដ ១៩ ចំនួន ៤០០ សន្លឹក នៅតាមខ្នងផ្ទះ តាមផ្លូវសាធារណៈ និងនៅតាមទីប្រជុំជន ព្រមទាំបានចែកសាប៊ូជូនប្រជាពលរដ្ឋ អស់ចំនួន ៣០០ ដុំផងដែរ ។
ដោយនៅឯខេត្តព្រៃវែងឯណោះវិញ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ ១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនាមលោកជាប្រធានមន្ទីរ បានបែងចែកក្រុមការងារ នេះជា ៣ក្រុម សម្រាប់បន្តចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅតាមបណ្ដាភូមិក្នុងភូមិសាស្រ្ដ ស្រុកបាភ្នំ ។
ក្នុងឱកាសនោះក្រុមការងារ បានចែក និងបិទផ្ទាំងរូបភាពអប់រំ នៅតាមខ្នងផ្ទះ តាមផ្លូវសាធារណៈ និងទីប្រជុំជន ក្នុងនោះមាន ផ្ទាំងរូបភាពអប់រំពីរបៀបលាងសម្អាតដៃបានចំនួន ១៧៥ ខ្នងផ្ទះ និងបានណែនាំដល់ប្រជាពលរដ្ឋឲ្យក្នុងភូមិគោលដៅនៃការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅក្នុងឆ្នាំ ២០២០ ឲ្យចេះពីរបៀបលាងសម្អាតដៃ និងប្រតិបត្តិអនាម័យខ្លួនប្រាណជាប្រចាំ ដើម្បីការពារជំងឺ កូវីដ ១៩ ៕