នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមការងារស.ស.យ.កស្រុក និងអាជ្ញាធរមូលដ្ឋាន បានបន្តអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា ចំនួន៥៣គ្រួសារ ស្ថិតនៅភូមិក្លង់ឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ នាឱកាសនោះ ឯកឧត្តម ក៏បាននាំយកនូវអំណោយមួយចំនួន និងសម្ភារៈការពារជំងឺឆ្លងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ក្រម៉ា សាប៊ូ និងម៉ាស ។ ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា ដោយស្ថានភាពបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ឯកឧត្តម បានផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ពីវិធានការបង្ការ ការពារ និងទប់ស្កាត់ការីករាលដាលជំងឺឆ្លងកូវីដ-១៩(COVID-19) ដោយត្រូវរស់នៅឱ្យមានអនាម័យ ត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុល និង ជែល ជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ និងត្រូវពាក់ម៉ាស់នៅតាមទីប្រជុំជន ប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីទទួលបានសេវាពិនិត្យសុខភាព ។
ឯកឧត្តម ណយ ស្រូន និងអាជ្ញាធរមូលដ្ឋាន បានបន្តអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា ចំនួន៥៣គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី
