អភិបាលខេត្តព្រះវិហារ ចុះពិនិត្យសកម្មភាពជួសជុលផ្លូវទៅព្រំដែនឡាវ និងបន្តចុះសិក្សាជួសជុលវេទិការនៅទន្លេរល្ពៅ


(ព្រះវិហារ)៖ នារសៀលថ្ងៃអាទិត្យ ០៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងលោកជំទាវ ស ចេង អញ្ជើញចុះពិនិត្យសកម្មភាពក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្នុុងជួសជុលថែទាំផ្លូវជាតិលេខ៩៤ (ក្រាលល្បាយថ្មភ្នំ) ដែលមានប្រវែង ៦១គម ចាប់ពីបំបែកផ្លូវជាតិលេខ៩ ស្រុកឆែប ដល់ កំពង់ស្រឡៅ (ព្រំដែនខ្មែរ-ឡាវ) កៀរសម្រួលផ្លូវ និងថែមល្បាយថ្មភ្នំ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ និងបន្តចុះពិនិត្យទីតាំងពិនិត្យមើលវេទិការពិធីអ៊ុំទូកមាត់ទន្លេរល្ពៅជាប់ប្រទេសឡាវ ដែលនឹងគ្រោងជួសជុលឡើងវិញ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំយកនូវគ្រឿងឧបភោគ បរិភោគជូនក្រុមការងារជួសជុលផ្លូវរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកអាល់កុល និងថវិកាមួយចំនួន ព្រមទាំងផ្តល់នូវថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមអភិបាលខេត្តជូន មេឃុំ និងជំទប់ ឃុំកំពង់ស្រឡៅពីរ ផងដែរ។