សាខាសមាគមនារីខេត្តពោធិ៍សាត់ នាំយកអំណោយប្រគល់ជូន ជនចាស់ជរាទីទ័លខ្លាំង និងគ្រួសារក្រីក្រ ខ្វះខាតស្បៀង ជិត១០០គ្រួសារ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់


(ពោធិ៍សាត់)៖ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅប្រគល់ជូនជនចាស់ជរាទីទ័លខ្លាំង និងគ្រួសារក្រីក្រខ្វះខាតស្បៀង ជិត១០០គ្រួសារ មកពីភូមិព្រៃឱម៉ាល់ ភូមិអូរថ្កូវ និងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកជំទាវ ឯម ប៊ុណ្ណា បានលើកឡើងថា គ្រឿងឧបភោគបរិភោគ ដែលយកមកផ្តល់ជូននាពេលនេះ គឺជាអំណោយផ្ទាល់ខ្លួន របស់លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដែលជាសន្តានចិត្តសប្បុរសធម៌ គិតគូអំពីសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ។ ទោះបីជាអំណោយទាំងនេះមានតិចតួចក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយកម្រិត ក្នុងកាលៈទេសៈប្រទេសជាតិកំពុងទទួលរងគ្រោះ ដោយជំងឺរាលត្បាតកូវីដ១៩ (Covid-19)ផងដែរ។

លោកជំទាវ បានបន្ដថា បើទោះជាតួលេខដែលបង្ហាញដោយក្រសួងសុខាភិបាល បានបញ្ជាក់ពីការថយចុះ និងការព្យាបាលជា បានជាច្រើនករណីយ៉ាងណាក្តី តែជំងឺនេះមិនទាន់ផុតរលត់ពីផែនដីនៅឡើយទេ រីឯវ៉ាក់សាំងការពារ ក៏ពុំទាន់មានការបញ្ជាក់យ៉ាងណានោះដែរ ដូចនេះយើងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ក្រុមគ្រួសារ និងរួមគ្នាបង្ការ ទប់ស្កាត់ជំងឺនេះ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍ សារាចរណែនាំជាច្រើន របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវផ្តោតការយកចិត្តទុកដាក់ រក្សាទឹកទុក និងសន្សំសម្ចៃទឹក ក្នុងផលិតកម្ម និងការប្រើប្រាស់ ដើម្បីទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន បើអាចទីតាំងដែលយើងប្រើប្រាស់ជាប្រចាំ ត្រូវឆ្លៀតដាំដំណាំសរីរាង្គ ដើម្បីកាត់បន្ថយការចំណាយ និងទទួលបានបន្លែសុវត្ថិភាពសម្រាប់ទទួលទានក្នុងក្រុមគ្រួសារ។

គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនជនចាស់ជរាទីទ័លខ្លាំង និងគ្រួសារក្រីក្រខ្វះខាតស្បៀង ជិត១០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម, ក្រមា១, ថ្នាំសង្កូវ និងគ្រឿងឧបភោគបរិភោគ ១កញ្ចប់ រួមមាន (មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកក្រូច និងត្រីខ…)។ ជាមួយគ្នានោះ ប្រតិភូសាខាសមាគមនារីខេត្ត ក៏បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅប្រគល់ជូនដល់លំនៅដ្ឋានស្ត្រីមេម៉ាយឈ្មោះ ឈួន អ៊ុន អាយុ៦១ឆ្នាំ រស់នៅចំណុចឈើទាលរូង ភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលពិការភាព ដោយសាររលំផ្ទះសង្កត់លើ ព្រមទាំងសន្យាផ្តល់រទះរុញជូនមួយគ្រឿងផងដែរ៕