លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគផ្តល់ជូនបងប្អូនសាសនិកខ្មែរ-ឥស្លាមខេត្តប៉ៃលិន ចំនួន ២១៥គ្រួសារ ក្នុងខែបួសរ៉ម៉ាឌន


នៅល្ងាច ថ្ងៃសៅរ៍ ១០ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌលខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងសហការីយ៍ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់បងប្អូនសាសនិកខ្មែរ-ឥស្លាមខេត្តប៉ៃលិន ក្នុងខែបួសរ៉ម៉ាឌន ចំនួន ២១៥គ្រួសារ នៅវិហារខ្មែរឥស្លាមខេត្តប៉ៃលិន ស្ថិតក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវតំណាងរាស្រ្ត បាននាំបណ្តាំផ្ញើការសួរសុខទុក្ខដោយក្តីនឹករលឹកនិង អរគុណយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្តប៉ៃលិន ដោយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: និងគ្រប់ទីកន្លែង។

លោកជំទាវបានមានប្រសាសន៍ បន្តថា ពុកម៉ែបងប្អូនកូនក្មួយ សាសនិកខ្មែរឥស្លាមទាំងអស់ ក៏ជាសាច់ឈាមខ្មែរតែមួយដូចគ្នា មានសិទ្ធិស្មើៗគ្នា គ្រាន់តែមានកាន់ជំនឿសាសនា ទំនៀម​ទំលាប់ ប្រពៃណីផ្សេងៗគ្នាតែប៉ុណ្ណោះ ម្យ៉ាងទៀត លោកជំទាវ សូមអំពាវនាវឲ្យបងប្អូនខ្មែររួមជាមួយបងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្តប៉ៃលិនកុំរើអើងប្រកាន់សាសនាពូជសាសន៍ សូមរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ដោយបន្តរស់នៅស្អាតកុំធ្វេសប្រហែស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលមេរោគជំងឺកូវីដ១៩ បើទោះបីនៅពេលនេះក្នុងប្រទេសកម្ពុជាបានស្ងប់ស្ងាត់ និងបាន ព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយអស់យ៉ាងណាក៏ដោយ ក៏សូមឲ្យបងប្អូនទាំងអស់ បន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ ឬកន្សែងឲ្យបានត្រឹមត្រូវនៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា ចំពោះបងប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ មិត្តភ័ក្តិរយ:ពេល១៤ថ្ងៃសិន បើមានករណីថាសង្ស័យ ដូចជាផ្តាស្សាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់ទំនងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូនទៅកាន់មន្ទីរពេទ្យធ្វើការពិព្យាបាលជំងឺជូន។

សូមបញ្ជាក់ថា លោកជំទាវតំណាងរាស្រ្តតែងតែចូលរួមក្នុងឱកាសពិធីបួសខែរ៉ម៉ាឌន ជាមួយបងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្តប៉ៃលិនជារៀងរាល់ឆ្នាំផងដែរ។