លោកជំទាវ មិថុនា ភូថង អភិបាល អញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង


(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ ក្នុងពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង ថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចពិជ័យសេនា ដែលបានពាំនាំសមិទ្ធផលថ្មី សម្រាប់ខេត្តកោះកុង គឺជានយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ជាសមិទ្ធផលទាក់ទង នឹងប្រវត្តិសាស្ត្រផងដែរ។ ជាមួយគ្នានេះផងដែរ នាងខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ក្នុងដំណើរ នៃការសិក្សា និងរៀបចំសាងសង់ស្តូបអនុស្សាវរីយ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមអោយសមាសភាពពាក់ព័ន្ធទាំងអស់ ចូលរួម និងសហការអោយបានគ្រប់ជ្រុងជ្រោយ ក្នុងដំណើការ នៃការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ នៅក្នុងមូលដ្ឋានផ្ទាល់ សិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ស្រាវជ្រាវ ឯកសារ ភស្តុតាង និងខ្លឹមសារប្រវត្តិសាស្ត្រ សម្រាប់រៀបចំកម្មវិធីអប់រំ និងពិព័ណ៌ផ្សេងៗ ធ្វើយ៉ាងណាជម្រុញការសាងសង់បានសម្រេចតាមផែនការ ដែលបានគ្រោងទុក៕