លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ជូនមេភូមិរនះ សង្កាត់កោះដាច់ កំពុងមានជំងឺ


(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បានចាត់តាំងឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្ននាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាំយកថវិកាចំនួន ៤សែនរៀល រួមនឹងទឹកដោះគោ មី និងស្ករសមួយចំនួនទៀត ទៅផ្តល់ជូនគ្រូសារលោក ជឺន អុន មេភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដល់គេហដ្ឋាន នៅទី១៩ ខែឧសភា ឆ្នាំ២០២០នេះ។

ការនាំយកថវិកា និងគ្រឿងឧបភោគបរិភោគប្រគល់ជូននាពេលនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីលោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានរៀបរាប់ពីជំងឺជាទំងន់របស់លោក ជឺន អុន មេភូមិរនះ កំពុងសម្រាកនៅក្នុងលំនៅដ្ឋានផ្ទាល់ខ្លួន នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ។

សូមបញ្ជាក់ថា លោក ជឺន អុន បច្ចប្បន្ន មានអាយុ៧៩ឆ្នាំ មានកូន៦នាក់ លោកជាភូមិរនះ សង្កាត់កោះដាច់ ដែលត្រូវបានប្រជាជន នៅក្នុងមូលដ្ឋានទទួលស្គាល់ថា ជាអ្នកបម្រើប្រជាជនពិតប្រាកដ ស្គាល់ទុក្ខធុរៈរបស់ប្រជាជន ជួយដោះស្រាយបញ្ហា របស់ប្រជាជនជាច្រើនឆ្នាំមកហើយ។

លោក ជឺន អុន បានធ្លាក់ខ្លួនឈឺជាទំងន់អស់រយៈពេលច្រើនថ្ងៃ ហើយបើតាមការរៀបរាប់ពីក្រុមគ្រួសារ បានឱ្យដឹងថា លោកមានជំងឺរលាកសួត រលាកក្រព្រះ និងរលាកពោះវៀនធ្ងន់ធ្ងរ។

ជាមួយនឹងទឹកភ្នែករលីងរលោង របស់អ៊ុស្រីជាភរិយា របស់លោក ជឺន អុន អ៊ុស្រី បានសម្តែងនូវទឹកចិត្តត្រេកអ និងដឹងគុណ ចំពោះការយកចិត្តទុកដាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមនឹងថ្នាក់ដឹកនាំទាំងអស់ ដែលបានយកចិត្តទុកដាក់ ចុះមកសួរសុខទុក្ខដល់លំនៅដ្នាន ក្នុងន័យលើកទឹកចិត្តដល់ក្រុមគ្រួសារ ដែលកំពុងខ្វះខាត។

សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ អ៊ួង ផល្លា ឃ្លាំង ហួត ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងលោកស្រី កែវ ចន្ទស៊ុនណារី ប្រធានសមាគម ក៏បាននាំយកមកនូវថវិកា និងសម្ភារជាគ្រឿងឧបភោគ បរិភោគ មកផ្តល់ជូនដល់នៅដ្ឋានផងដែរ ក្នុងន័យចូលរួមជួយសម្រួលដល់ការខ្វះខាតចំពោះមុខរបស់គ្រួសារ៕