ថ្នាក់ដឹកនាំកំពូលៗវៀតណាម ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពម្តាយក្មេកសម្តេច


(ភ្នំពេញ)៖ ថ្នាក់ដឹកនាំកំពូលរបស់វៀតណាម រួមមានប្រធានរដ្ឋ, នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាវៀតណាម បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ចំពោះមរណភាព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេចតេជោ។

តាមលិខិតថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំមានក្ដីរន្ធត់ក្តុកក្តួលយ៉ាងពន់ពេក និងសោកស្ដាយឥតឧបមា ខណៈពេលទទួលបានដំណឹងថា អ្នកឧកញ៉ា ប៊ុន ស៊ាងលី ដែលជាម្ដាយរបស់ភរិយាសមមិត្តទទួលមរណភាព នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៩៦ឆ្នាំ។

តាំងនាមបក្ស រដ្ឋាភិបាល រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម យើងខ្ញុំសូមចូលរួម រំលែកទុក្ខដ៏សោកសង្រេងបំផុតជាមួយ សមមិត្ត ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងក្រុមគ្រួសារ។

ការទទួលមរណភាពរបស់ អ្នកឧកញ៉ា ប៊ុន ស៊ាងលី ជាការបាត់បង់ដ៏ធំធេញរបស់ក្រុមគ្រួសារ សមមិត្ត។ យើងខ្ញុំសង្ឃឹមថា សមមិត្តព្រមទាំងភរិយា និងក្រុមគ្រួសារនឹងឆាប់ជម្នះលើការបាត់បង់ដ៏ធំធេងនេះ និងសូមឧទ្ទិសបួងសួង ឱ្យវិញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ា ប៊ុន ស៊ាងលី បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។

សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕