ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូត ដើម្បីទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ និងឆាប់រហ័សរបស់ក្រសួងយុត្តិធម៌កន្លងមក ក្នុងការអនុវត្តច្បាប់ ជាពិសេសកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងបត្យាប័ន ការការពារកុមារ ការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធប្រល័យលោក និងដំណើរការនៃកិច្ចស៊ើបអង្កេតលើករណីមួយចំនួន។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគីឱ្យកាន់តែល្អប្រសើរ និងទូលំទូលាយបន្ថែមទៀត ដោយផ្តោតលើការអនុវត្តច្បាប់ និងការអភិវឌ្ឍធនធានមនុស្ស។