ឯកឧត្តម ជា ចាន់តូ៖ ធនាគារជាតិចាំបាច់ត្រូវបន្ដដាក់ចេញវិធានការ ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងជួយសម្រាលបន្ទុកអតិថិជន ក្នុងកំឡុងពេលជួបវិបត្តិកូវីដ១៩


(បន្ទាយមានជ័យ)៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ក្នុងស្ថានភាពនៃការរងផលប៉ះពាល់ពីវីរុសកូវីដ១៩ ធនាគារជាតិនៃកម្ពុជា ចាំបាច់ត្រូវមានវិធានការ ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងជួយសម្រាលបន្ទុកអតិថិជន។

ការលើកឡើងរបស់ឯកឧត្តម ជា ចាន់តូ ដូចនេះធ្វើឡើងក្នុងឱកាសបើកសិក្ខាសាលា ក្រោមប្រធានបទ «កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងស្ថានភាពនៃការរីករាលដាល នៃជំងឺកូវីដ១៩» ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តម  ជា ចាន់តូ បានឲ្យដឹងថា កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាប្រធានបទថ្មី ដែលធនាគារជាតិនៃកម្ពុជា បើកសិក្ខាសាលាផ្សព្វផ្សាយជាលើកទី១ នៅខេត្តបន្ទាយមានជ័យនេះ។

ឯកឧត្តមទេសាភិបាលបញ្ជាក់ថា «ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងជួយសម្រាលបន្ទុកអតិថិជន ខណៈកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលរបស់វីរុសកូវីដ១៩ ដែលមិនទាន់បញ្ចប់នៅឡើយ ធនាគារជាតិនៃកម្ពុជា ចំាបាច់ត្រូវតែបន្តដាក់ចេញនូវវិធានការនានា សម្រាប់ជួយដល់វិស័យនេះ និងចូលរួមដោះស្រាយ សម្រាលបន្ទុកអតិថិជនខ្ចីប្រាក់ពិសេស ក្នុងអំឡុងពេលនៃ ការរីករាលនៃជំងឺកូវីដ១៩»

ឯកឧត្តម បានបញ្ជាក់ថា កន្លងមកធនាគារជាតិ បានដាក់ចេញវិធានការមួយចំនួន ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលស្ថិតក្រោមដែនសមត្ថកិច្ច របស់ធនាគារជាតិនៃកម្ពុជារួមមាន៖ ការកំណត់អត្រាការប្រាក់ឥណទាន និងវិធីសាស្រ្តគណនាអត្រាការប្រាក់, ការរៀបចំឥណទានឡើងវិញ ក្នុងអំឡុងពេលនៃការប៉ះពាល់នៃជំងឺកូវីដ១៩, ការស្នើសុំឲ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអនុគ្រោះបន្ធូរ បន្ថយកម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជន, ការបង្កើតប្រព័ន្ធទូរស័ព្ទ សម្រាប់សាធារណជនទំនាក់ទំនង នៅពេលមានបញ្ហា ឬមានចម្ងល់ពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ និងការអនុវត្តយុទ្ធនាការលើក កម្ពស់ចំណេះដឹងហិរញ្ញវត្ថុ។

ឯកឧត្តម  រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាលើកឡើងថា នៅក្នុងពេលកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ១៩ គេបានរកឃើញថា មានប្រជាជនកម្ពុជាជាង៨ម៉ឺននាក់ដែលត្រលប់ពី ប្រទេសថៃគ្មានលទ្ធភាពរកចំណូល សម្រាប់សងកម្ចីមីក្រូហិរញ្ញវត្ថុ។ ស្ថិតក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាលកំពុងចាត់ វិធានការបង្ការ និងជួយប្រជាពលរដ្ឋ ដែលទទួលរងប៉ះពាល់ពីកូវីដ១៩នេះ។

ឯកឧត្តម បានបន្ដថា ទោះជាយ៉ាងនេះក៏ដោយ នៅមានជនឆ្លៀតឱកាសមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្មានប្រភពច្បាស់លាស់អំពី វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងចេតនាបំពុលបរិយាកាសសង្គម ដើម្បីចំណេញប្រយោជន៍ផ្ទាល់ខ្លួន។ ចំពោះបញ្ហានេះ លោកក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឲ្យជួយចូលរួមបង្កើនការផ្សព្វផ្សាយចំណេះដឹងនានា ពាក់ព័ន្ធហិរញ្ញវត្ថុដូចជា៖ កាតព្វកិច្ចទទួលខុស, ត្រូវចំពោះប្រាក់កម្ចី ការប្រើប្រាស់កម្ចីឲ្យត្រឹមត្រូវ និងចំគោលដៅ និងត្រូវស្វែងរកកម្ចីពីគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានមីក្រូ
ហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណ និងការសន្សំប្រាក់។

ឯកឧត្តម បានបន្ថែមថា ការរៀចំសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ ដើម្បីផ្ដល់ជូនអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធឲ្យយល់ដឹង ពីសារៈសំខាន់បញ្ហាប្រឈម និងដំណោះស្រាយនានា ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងចូលរួមដោះស្រាយទាំងអស់គ្នា។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ក្នុងកាលៈទេសៈដ៏លំបាកដែលបណ្តាលមកពី ជំងឺកូវីដ១៩ សមាគមបាននិងកំពុងធ្វើការយ៉ាងសកម្ម ជាមួយសមាជិក និងដៃគូពាក់ព័ន្ធនានា ជាពិសេសធនាគារជាតិនៃកម្ពុជា ក្នុងការជួយដល់អតិថិជនដែលរងផលប៉ះពាល់។

លោកបានបន្ដថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាចំនួន១៣៧,១៥៨នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះអតិថិជនចំនួន ១១៨,១៨២នាក់ ឬជិត៩០% បានទទួលការរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបជាង៤៨៨លានដុល្លា។

ឯកឧត្តម  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើដល់ធនាគារជាតិ ឲ្យបន្តបើកវគ្គបណ្ដុះបណ្ដាល ឬសិក្ខាសាលាដូចនេះ ដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្ត ដើម្បីបានយល់ដឹងកាន់តែច្បាស់ ក្នុងវិស័យមួយនេះ សម្រាប់យកទៅផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋខណៈខេត្តនេះ មានអ្នកប្រើប្រាស់កម្ចីច្រើន។ បច្ចុប្បន្នក៏មានអ្នករងផលប៉ះពាល់ច្រើនពីវីរុសកូវីដ១៩ ព្រោះខេត្តមានអ្នកចំណាកស្រុក ទៅធ្វើការងារនៅក្រៅប្រទេសច្រើន៕