អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សាការងារមន្ត្រីនគរបាលយុត្តិធម៌ និងដោះស្រាយបញ្ហាប្រឈមនានា នៅសាលប្រជុំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់


(ពោធិ៍សាត់)៖ នារសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាការងារមន្ត្រីនគរបាលយុត្តិធម៌ និងដោះស្រាយបញ្ហាប្រឈមនានា នៅសាលប្រជុំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី លោក អ៊ិត សម្ផស្ស ប្រធានសាលាដំបូងខេត្ត លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ចៅក្រម ព្រះរាជអាជ្ញារង ប្រធាន អនុប្រធាន លេខាធិការដ្ឋានរដ្ឋបាល មន្រ្តីក្រឡាបញ្ជីតុលាការ អធិការក្រុង ស្រុក មេបញ្ជាការមូលដ្ឋាអាវុធហត្ថក្រុង ស្រុក មន្ទីរពាក់ព័ន្ធ និងមន្រ្តីនគរបាលក្នុងខេត្តជាច្រើននាក់ទៀត។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីធ្វើឱ្យប្រសើរឡើង នូវការអនុវត្តច្បាប់ ដើម្បីឱ្យមានកំណើនសេចក្ដីទុកចិត្តពីប្រជាពលរដ្ឋ ដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ និងដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិល្អ ក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ជាពិសេសការចែករំលែកព័ត៌មាន ការពិភាក្សាអំពីបញ្ហាប្រឈម ការដោះស្រាយរួមគ្នា ក្នុងការអនុវត្តច្បាប់ ការចាត់ការលើបណ្ដឹងអាជ្ញា លើកកម្ពស់ការគោរពសិទ្ធិប្រពលរដ្ឋ និងកុមារ៕