លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប រៀបចំប្រជុំប្រចាំខែឧសភា ឆ្នាំ២០២០


នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំប្រជុំប្រចាំខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំង មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ពីមន្ទិរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋសរុប ៥៩នាក់ ស្រី ៣៧នាក់។

អង្គប្រជុំបានពិនិត្យទៅលើកំណត់ហេតុ និងត្រួតពិនិត្យលើផែនការដែលអង្គប្រជុំបានដាក់ចេញកាលពីកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២០កន្លងទៅ និងបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ ដូចជា ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ពាក់ព័ន្ឋនានា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព វេទិកាសាធារណៈច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ស្ប៉តអប់រំ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ជាដើម។ល។ បន្ថែមពីនេះ ក៏មានការស៊ើបអង្កេត និងបង្ក្រាបបទល្មើស ដើម្បីយកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់បានរាល់ករណីផងដែរ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ផ្អែកទៅតាមបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានកំណត់និងដាក់ចេញនូវចេញ​ផែនការដើម្បីអនុវត្តបន្តដោយបានជំរុញឲ្យរដ្ឋបាលក្រុង ស្រុក ធ្វើការកំណត់គោលដៅអាទិភាព ចំពោះគ្រួសារក្រីក្រ១ ក្រីក្រ២ ក្រីក្រ៣ និងពិសេសបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស និងពង្រាយសកម្មភាព ដើម្បីឲ្យបានដល់ប្រជាពលរដ្ឋ និងសហគមន៍ ដែលជួបការលំបាក ដោយសហការជាមួយអង្គការដៃគូ វិស័យឯកជន សប្បុរសជន ដែលមាននៅក្នុងខេត្ត ក្រុង​ស្រុក ដើម្បីរួមគ្នាធ្វើសកម្មភាព ទៅតាមគោលការណ៍ដែលកំណត់ដោយរាជរដ្ឋាភិបាល ក្នុងតំណាក់កាលនេះ ដោយទី១ ត្រូវលើកកម្ពស់សុខភាព(ទូទៅ រួមទាំងសុខភាពមាតានិងទារក) និងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ (រលកទី២ ដែលអាចរាលដាល នៅមូលដ្ឋានសហគមន៍) ទី២ ត្រូវលើកម្ពស់សុវត្ថិភាពស្បៀង អាហារូបត្ថម្ភ និងជីវភាពរស់នៅប្រចាំថ្ងៃ ឲ្យបានទាន់ពេលវេលា និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។