គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កំណត់យកថ្ងៃទី៤ ខែមិថុនា បន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦


(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានធ្វើការអនុម័តបញ្ចូលរបៀបវារៈក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី០៤ ខែមិថុនានោះ ដោយមានសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលនឹងត្រូវលើកយកមកធ្វើការពិភាក្សា និងអនុម័ត មានដូចជា៖

*ទី១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
*ទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
*ទី៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ
*ទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។

សូមជម្រាបថា អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកនេះ បានលើកយករបៀបវារៈចំនួន២ មកធ្វើការពិភាក្សា និងអនុម័ត រួមមាន៖

*ទី១៖ អង្គប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នូវសេចក្តីព្រាងច្បាប់ទាំង៤ខាងលើ
*ទី២៖ ការអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០៕