ប្រជាពលរដ្ឋទីទ័លក្រ១២០គ្រួសារ ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម ទទួលបានអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត អមដំណើរដោយលោកអភិបាលរងខេត្ត និងសមាជិក គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១២០គ្រួសារ មកពី២សង្កាត់ ក្នុងក្រុងកំពង់ចាម មានចំនួន៦០គ្រួសារ និងមកពីឃុំក្នុងស្រុកកំពង់សៀមចំនួន៦០គ្រួសារ។

ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមជំនួសមុខឱ្យលោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: មិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា ក្នុងស្ថានភាពទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩នេះ សម្តេចប្រធានបានផ្តោតការយកចិត្តទុកដាក់ ចំពោះគ្រួសារចាស់ជរា គ្មានទីពឹង ជនមានពិការភាព គ្រួសារកុមារកំព្រា ស្ត្រីមេម៉ាយក្រលំបាកកូនច្រើន អ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារក្រីក្រកម្រិត១ ដែលខ្វះខាតក្នុងជីវភាពត្រូវអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះឱ្យបានទាន់ពេលវេលាស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ»

ជាមួយគ្នានោះដែរឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឱ្យកាន់តែខ្ពស់បន្តទៀត ក្នុងការចូលរួមបង្ការទប់ស្កាត់ ការឆ្លងជម្ងឺកូវីដ១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួនឡើយ។ ម្យ៉ាងទៀតសូមខិតខំការពារខ្លួនដោយផ្តើមពីយើងម្នាក់ៗ ត្រូវថែទាំសុខភាពឱ្យបានល្អហើយការរស់នៅ ត្រូវប្រកាន់យកវិធានការអនាម័យស្អាត ៣យ៉ាង រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីជៀសឱ្យផុតពីការឆ្លងរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាជីវិតខ្លួនឯង និងជីវិតអ្នកដទៃតាមពាក្យស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទាំង១២០គ្រួសារក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ , ត្រីខ ១០កំប៉ុង, អាវយឺត២ , ម៉ាស់៥បន្ទះ និងថវិកាមួយចំនួនផងដែរ៕