រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំរវាងមន្ត្រីយោធាកងពលតូចថ្មើរជើងលេខ ៧០ ដើម្បីបន្តការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនៅទីតាំងសាលាហ្វឹកហ្វឺនកងទ័ពតេជោសែនជុំគិរី


ដើម្បីជាការដោះស្រាយផលប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋ មានភាពរ៉ាំរ៉ៃជាយូរឆ្នាំកន្លងមកជាមួយនឹងការសាងសង់ទីតាំងហ្វឹកហ្វឺន និងទីលានបាញ់គ្រាប់ពិតតេជោសែន ស្រុកជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ឲ្យបានឆាប់រហ័សក្នុងដំណើរការនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងមូលដ្ឋានតំបន់នោះ។

នៅព្រឹកថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំពិភាក្សាមួយ រវាងមន្ត្រីយោធានៃកងពលតូចថ្មើរជើងលេខ៧០ជាមួយរដ្ឋបាលខេត្ត ស្រុក ឃុំ មេភូមិ និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ក្រោមការចូលរួមដឹកនាំកិច្ចប្រជុំពីឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០។

កិច្ចប្រជុំគឺផ្ដោតសំខាន់ការចូលរួមពិនិត្យនិងពិភាក្សារកដំណោះស្រាយ នូវបញ្ហាមានភាពរ៉ាំរ៉ៃជាយូរឆ្នាំកន្លងមកនេះ ដែលពាក់ព័ន្ធអំពីផលប៉ះពាល់ដីធ្លីប្រជាពលរដ្ឋក្នុងតំបន់ ភូមិសាស្រ្តបង្កើតទីតាំងសាលាហ្វឹកហ្វឺន និងទីលានបាញ់គ្រាប់ពិតតេជោសែន ស្រុកជុំគិរីក្នុងខេត្តកំពត សំដៅធ្វើឲ្យការកំណត់ព្រំប្រទល់ជុំវិញទីតាំងនឹងឈានដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាតាមគម្រោងអភិវឌ្ឍន៍របស់កងពលតូចថ្មើរជើងលេខ៧០ឲ្យបានឆាប់រហ័ស។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះផ្អែកតាមគោលការណ៍សម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន នៅក្នុងឆ្នាំ២០១៦កន្លងទៅនេះបានអនុញ្ញាតផ្តល់ជូនផ្ទៃដីចំនួនសរុប១៧.០៨២ហិកតា ដើម្បីសាងសង់សាលា ហ្វឹកហ្វឺន និងទីតាំងបាញ់គ្រាប់ពិតជូនដល់ថ្នាក់វារសេនាតូច វរសេនាធំចម្រុះ របស់កងពលតូចថ្មើរជើងលេខ៧០ ដែលក្នុងនោះស្ថិតនៅឃុំតាកែន ស្រុកឈូក និងឃុំស្នាយអញ្ជិត ឃុំស្រែចែង ឃុំត្រពាំងរាំងស្រុកជុំគិរីខេត្តកំពត។ ពាក់ព័ន្ធនឹងបញ្ហាផលប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋដែលកិច្ចប្រជុំយកមកពិនិត្យនិងពិភាក្សាដោះស្រាយគឺមានទំហំផ្ទៃដីចំនួនប្រមាណជាង ៤០០ហិកតា ដែលក្នុងនោះមានដីកម្មសិទ្ធិប្រជាពលរដ្ឋចំនួនជាង ២៤៥ហិកតា និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋមានចំនួនជាង១៧០ហិកតា។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ និងអង្គប្រជុំ ក៏បានសម្រេចប្រគល់ជូនក្រុមការងាររ ក៏ដូចជារដ្ឋបាលខេត្ត ធ្វើការសិក្សាស្រាវជ្រាវទីតាំងដី ដើម្បីដោះដូរជូនប្រជាពលរដ្ឋ ឲ្យចេញផុតពីតំបន់នេះនិងធ្វើរបាយការណ៍ជាក់លាក់ជូនដល់ថ្នាក់ដឹកនាំ ឬប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែនដើម្បីពិនិត្យនិងសម្រេច។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមជាវ តាយអភិបាលខេត្ត បានជម្រុញស្នើដល់អាជ្ញាធរមូលដ្ឋានស្រុក ឃុំនិងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាចូលរួមសហការជាមួយអង្គភាពកងពលតូចថ្មើជើងលេខ៧០ ក្នុងការសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋតាមគោលការណ៍ឈ្នះឈ្នះដើម្បីឲ្យការអភិវឌ្ឍកសាងនៅទីតាំងហ្វឹកហ្វឺនយោធាសម្ដេចតេជោ ហ៊ិន សែនជុំគិរីនេះទទួលបានលទ្ធផលល្អប្រសើរ និងឆាប់រហ័សដែលការដោះស្រាយនេះមានភាពអូសបន្លាយជាយូរឆ្នាំមកហើយ។