សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ដើ ម្បីពិនិត្យវឌ្ឍនភាពកន្លងមក


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ដើ ម្បីពិនិត្យវឌ្ឍនភាពកន្លងមក និងពិភាក្សាលើការងារមួយចំនួន។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់សំណាងក្រសួង ស្ថាប័ន តំណាងអភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ យ៉ាងច្រើនផងដែរ។

នៅក្នុងកិច្ចនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងពីសកម្មភាព និងលទ្ធផលការងារផ្សេងៗ របស់ក្រុមការងារដែលបានសម្រេចកន្លងមក ព្រមទាំងជជែកពិភ្សាគ្នា លើផ្ទាំងគំរូមួយចំនួន ដើម្បីរៀបចំចម្លាក់នៅវិមានឈ្នះ ឈ្នះ ជាដើម។

ជាក់កាលពីថ្ងៃទី៣០ ខែឧសភា កន្លង ស្តូបអនុស្សាវរីយ៍វិមាននយោបាយឈ្នះ ឈ្នះ ត្រូវបានបញ្ចុះបឋមសិលានៅក្នុងទឹកដីខេត្តកោះកុងស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ សាងសង់ឡើងតាមគំរូប្លង់គោលមានឃឿន៤ជ្រុង សរុប៦៦ម៉ែត្រ កម្ពស់៤៣ម៉ែត្រ ហើយទីធ្លា បរិវេណស្តូបអនុស្សាយ៍នយោបាយឈ្នះឈ្នះ មានទំហំធំទូលាយក្នុងការចតរថយន្ត និងការទេសចរណ៍កំសាន្តរបស់ពលរដ្ឋ។
ការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ ដើម្បីរំលឹកគុណដល់វិរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិតដើម្បីបូរណភាពទឹកដីការពារមាតុភូមិប្រទេសជាតិក្នុងយុគ្គសម័យភ្លើងសង្រ្គាម៕