កិច្ចប្រជុំចាប់ផ្តើម នៃបេសកកម្មគាំទ្រដល់ការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ


ថ្ងៃចន្ទ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅការិយាល័យកណ្តាលធនាគារពិភពលោកប្រចាំកម្ពុជា ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំអង្គភាពគ្រប់គ្រងសមាសភាព
គម្រោង (Component Management Unit) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំចាប់ផ្តើម នៃបេសកកម្មគាំទ្រដល់ការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (Implementation Support Mission) និងភាគីសមាសភាពគ្រប់គ្រងគម្រោងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំដោយឯកឧត្តម យា ប៊ុនណា អនុរដ្ឋលេខាធិការ និងភាគីធនាគារពិភពលោក ។

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នេះស្ថិតក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក ដើម្បីអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ធានាសុខុមាលភាពប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានមួយកម្រិតទៀត។

កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើរបៀបវារៈមួយចំនួនរួមមាន៖ ពិនិត្យ និងពិភាក្សាលើសកម្មភាពការងារ ដែលបានឯកភាព និងវឌ្ឍនភាព កាលពីបេសកកម្មគាទ្រដល់ការអនុវត្តគម្រោងកន្លងទៅ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងពិនិត្យ និងពិភាក្សាឯកភាពលើរបៀបវារៈ នៃបេសកកម្មគាំទ្រដល់ការអនុវត្តគម្រោងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្ដមអនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើឱ្យភាគីទាំងអស់ខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព រិះរកគ្រប់មធ្យោបាយ និងយុទ្ធសាស្ត្រ ដើម្បីបន្តអនុវត្តវឌ្ឍនភាពគម្រោង ដែលកំពុងមានភាពល្អប្រសើរ ហើយគ្រប់ភាគីបានឯកភាពលើរបៀបវារៈ ដែលបានរៀបចំឡើងសម្រាប់អនុវត្តបន្តនាពេលខាងមុខ ៕