អាជ្ញាធរជាតិអប្សរាដំណើរការជួសជុលព្រះវិហារបុរាណវត្តរាជបូណ៌ដំណាក់កាលទី៣


ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាឱ្យដឹងថា៖ ការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភ ជាថវិកាសម្រាប់ការជួសជុលវត្តរាជបូណ៌ដំណាក់កាលទី៣នេះ គឺដើម្បីរួមចំណែកថែរក្សាមត៌កវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយអភិរក្សនិងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាលឱ្យរស់រវើកឡើងវិញ។

បច្ចុប្បន្ន វត្តមួយនេះអាចចាត់ទុកជាបូជនីយដ្ឋានផង និងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាបផង។ បើរាប់ពីដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្កព្រះ សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាវត្ថុគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ។

ដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌ខ្មែរក្នុងវិស័យព្រះពុទ្ធសាសនានេះឱ្យបានគង់វង្ស អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងអភិរក្ស និងជួសជុលព្រះវិហារវត្តរាជបូណ៌ដំណាក់កាលទី៣ដែលជាដំណាក់កាលជួសជុលបញ្ចប់ក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមតាំងពីថ្ងៃទី២៦ ខែ ឧសភា ហើយគ្រោងនឹងបញ្ចប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ខាងមុខ ។

ការជួសជុលដំណាក់កាលទី៣នេះ គឺផ្តោតលើការជួសជុលជញ្ជាំង ក្បាច់ជើងជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់លើទ្វារ-បង្អួច និងខឿនព្រះវិហារ ព្រមទាំងពង្រឹងរចនា បថសំណង់ រូបចម្លាក់ ដែលចាស់ទ្រុឌទ្រោមឱ្យបានរឹងមាំឡើងវិញតាមបច្ចេកទេសនិងសម្ភារទំនើប ប៉ុន្តែប្រើប្រាស់វត្ថុធាតុដើមបុរាណដដែល។

កាលពីឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាធ្លាប់បានសហការជាមួយអ្នកជំនាញអ៊ីតាលីជួសជុលព្រះវិហារវត្តរាជបូណ៌ដំណាក់កាលទី១ម្ដងមកហើយ ដោយកាលណោះ ការជួសជុលបានសម្អាតសន្លឹកបង្អួច សន្លឹកទ្វារ ពុទ្ធបដិមាធំក្នុងព្រះវិហារ និងពុទ្ធបដិមាតូចៗមួយចំនួន បល្ល័ង្កព្រះ គំនូរ រចនាសម្ពន្ធ សសរ ដែលរងនូវការខូចខាត ប្រេះស្រាំ រលុប បាត់បង់ភាពដើមដោយសារផ្សែងភ្លើងរុំ ធូលីដី បរិយាកាស អាយុកាល ការលាបពណ៌ថ្មី និងការជួសជុលផ្សេងៗពីមួយជំនាន់ទៅមួយជំនាន់ជាដើម។ កាលពីឆ្នាំ២០១៩ វត្តរាជបូណ៌ក៏ទទួលបានការជួសជុលដំណាក់កាលទី២ ដោយបានជួលជុលដំបូលព្រះវិហារ គ្រឿងបង្គុំដំបូលដើម្បីរក្សាលំនឹង ការសម្លាប់មេរោគ និងសត្វល្អិតកុំឱ្យស៊ីសាច់ឈើ ជួសជុល សម្អាតហោជាងដែលមានចម្លាក់ក្បាច់ និងគ្រឿងលម្អដំបូលទាំងអស់ឡើងវិញទាំងស្រុង៕