ឯកឧត្តម រស់ វណ្ណា អញ្ជើញដឹកនាំកិច្ច ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា


ក្រសួងកំពុងបញ្ចប់នូវការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការផ្តល់លិខិតអនុញ្ញាត ឱ្យនាវាចូលតាមកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា គ្រោងស្នើសុំគោលការណ៍ ពីថ្នាក់ដឹកនាំដាក់ដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមធានាតម្លាភាព ប្រសិទ្ធភាព ចំណេញពេលវេលា និងភាពជឿ ជាក់ដល់វិនិយោគិន ក៏ដូចជាឆ្លើយតបនឹងស្ថានការនៃការរីករាលដាលនៃជម្ងឺ COVID-19

ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួង ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ច ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព ចំណេញពេលវេលា ផ្ដល់ភាពជឿទុក ចិត្តដល់អ្នកផ្ដល់និងអ្នកប្រើប្រាស់សេវា ព្រមទាំងកាត់បន្ថយនីតិវិធីស្មុគស្មាញដែលធ្វើឱ្យយឺតយ៉ាវក្នុង ការចូលចតនាវា។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីស្ដាប់បទបង្ហាញអំពីវឌ្ឍនភាពការងារពីភាគីពាក់ព័ន្ធដែលទទួលបន្ទុកក្នុងការ អភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែ ដូចជា៖ ប្រតិបត្តិការ និងនីតិវិធីការបំពេញទម្រង់បែបបទចូលចតនាវា ក៏ដូចជានីតិវិធីនៃការទូទាត់ថ្លៃសេវា តាមប្រព័ន្ធអនឡាញ ជាមួយធនាគារឯកទេសវីង និងដើម្បីប្រមូលធាតុចូលបន្ថែមទៀត សំដៅឱ្យការរៀបចំប្រព័ន្ធនេះកាត់តែមានសុក្រឹតភាព ព្រមទាំងពិភាក្សាពីទិសដៅបន្ទាប់ចំនួន ៥ចំណុចរហូតដល់ប្រព័ន្ធត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ក្នុងយុគសម័យឧស្សាហកម្មជំនាន់៤.០ នេះ បច្ចេកវិទ្យាព័ត៌មានវិទ្យាដើរតួយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មការផ្ដល់សេវាសាធារណៈ ការកសាង ទីក្រុងឆ្លាតវៃ (Smart City) ការលើកកម្ពស់និងប្ដូរទម្រង់ក្នុងការបំពេញការងារ ព្រមទាំងការលើកកម្ពស់ វប្បធម៌ អរិយធម៌របស់ជាតិសាសន៍យើងផងដែរ។ ឯកឧត្តមក៏បាន បន្ថែមទៀតថាការរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ធ្វើការដាក់ពាក្យ និងទូទាត់ប្រាក់ នេះក៏ជាការចូលរួមដើម្បីឆ្លើយតប ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ COVID-19 ផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការបានសម្ដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សមុទ្រ និងកំពង់ផែ ជាពិសេសក្រុមការងារ IT របស់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ដែលជានាយកដ្ឋានក្រោម ការដឹកនាំផ្ទាល់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានសហការណ៍រួមគ្នា អស់ពីកម្លាំងកាយចិត្ត និងប្រើពេលវេលាដើម្បីរៀបប្រព័ន្ធនេះឡើង និងស្នើឱ្យក្រុមការងារ ជំនាញពាក់ព័ន្ធទាំងអស់បន្តវប្បធម៌សហការដ៏ស្អិតរមួតនេះ ក្នុងការបំពេញចំណុចខ្វះខាត សំដៅឱ្យ ប្រព័ន្ធនេះមានសុក្រឹតភាព មានភាពជឿទុកចិត្ត ក្នុងការបម្រើសេវាសាធារណៈ និងបម្រើឱ្យឧត្ដម ប្រយោជន៍របស់ជាតិមាតុភូមិ។

សូមជម្រាបជូនថាប្រព័ន្ធស្វ័យប្រវត្តិកម្ម ចេញវិញ្ញាបនបត្រអនុញ្ញាតនាវាចូលកំពុងផែន នៃព្រះរាជាណាចក្រកម្ពុជា នេះគឺជាយន្តការផ្តល់សេវាបណ្តោះអាសន្នមួយ ដើម្បីសម្រួលនីតិវិធីខណៈដែលគម្រោង PORT EDI របស់ជប៉ុន កំពុងត្រូវបានបន្តនីតិវិធីរៀបចំរហូតដល់ដើមឆ្នាំ២០២៣ ទើបរួលរាល់សម្រាប់ដាក់ឱ្យដំណើរការប្រើប្រាស់៕