ប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មាន ចុះពិនិត្យដែនជម្រកសត្វព្រៃ នៅខេត្តព្រះវិហារ និងតំបន់ខាងជើងបឹងទន្លេសាប


(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កំពុងដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានក្នុងស្រុកមួយក្រុម ទៅទស្សនាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ និងតំបន់អភិរក្សសត្វខ្សឹប ក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ រយៈពេល២ គឺនៅថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២០។

ក្នុងកំឡុងពេលទស្សនកិច្ចនៅខេត្តព្រះវិហារ គណៈប្រតិភូនឹងជួបសំណេះសំណាលជាមួយសហគមន៍មូលដ្ឋាន ដើម្បីស្វែងយល់ពីផលិតកម្មស្រូវសរីរាង្គមិតុ្តភាពសត្វព្រៃ សហគមន៍អេកូទេសចរណ៍ធម្មជាតិ និង ការអភិរក្សសត្វស្លាបធំៗដែលជិតផុតពូជបំផុត រួមទាំងបក្សីជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស នៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តព្រះវិហារ។

នៅខេត្ដកំពង់ធំ គណៈប្រតិភូនឹងសិក្សា ស្វែងយល់អំពីគម្រោងអភិរក្សសត្វខ្សឹប និងពិភាក្សារកវិធីសាស្ត្រថាតើ ការងារកសិកម្ម និងការងារអភិរក្ស អាចអនុវត្តរួមគ្នាបានយ៉ាងដូចម្តេច។ សកម្មភាពទាំងនេះកំពុងត្រូវបានអនុវត្តរួមគ្នាដោយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួង បរិស្ថាន។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើការផ្តល់ជំនួយបន្ថែម ដោយ គម្រោងUSAID ព្រៃឡង់បៃតង ដល់អង្គការសន្សំម្លប់ព្រៃ (SMP) ដែលជាអង្គការកសិកម្មក្នុងស្រុកមួយធ្វើ ការងារផ្នែក ការពារបរិស្ថាន និងសត្វព្រៃតាមរយៈការជំរុញវិស័យកសិកម្មបែបជួយការពារ សត្វព្រៃ នៅក្នុង សហគមន៍ ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជា។

លោកស្រី Veena Reddy នាយកបេសកកម្មទីភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំកម្ពុជា បានកត់សម្គាល់ថា ទីភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំប្រទេសកម្ពុជា មានសេចក្តីរីករាយក្នុងការបន្តការគាំទ្ររបស់យើង ជាពិសេសក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ដើម្បីបង្កើតការងារ ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងអភិរក្សបេតិកភណ្ឌធម្មជាតិ និងវប្បធម៌របស់ប្រទេសកម្ពុជានៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ តាមរយៈការគាំទ្រ ដល់ផលិតកម្មស្រូវសរីរាង្គ មិត្តភាព សត្វព្រៃនិង សហគមន៍អេកូទេសចរណ៍ធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល សម្រេចបានក្នុងរយៈពេលកន្លងមកក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធនានាក្នុង កិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូនិងម្ចាស់ជំនួយជាពិសេស USAID ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជាឱ្យនៅគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត។

ឯកឧត្តម កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំនៅកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ ដោយមាន ការគាំទ្រ ជាបន្តបន្ទាប់ពីម្ចាស់ជំនួយរបស់យើង អង្គការ WCS សម្រេចបានសមិទ្ធិផលការងារ អភិរក្សយ៉ាងច្រើនគួរ ឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយយើងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរ មូលដ្ឋាន ដែលធ្វើឱ្យយើងទាំងអស់គ្នាអាច សម្រេចបាននូវគោលដៅរួមរយៈពេលវែង របស់ យើង ក្នុង ការងារ អភិរក្ស និងអភិវឌ្ឍន៍សហគមន៍៕