អភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់ប្រជាកសិករ ត្រូវជ្រើសរើសពូជស្រូវណាដែលសុទ្ធល្អ មិនប្រកាន់រដូវ ចំណាក់ប្រាក់ដើមតិច ដើម្បីទទួលបានទិន្នផល និងមានតម្លៃខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុង និងក្រៅស្រុក


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានណែនាំដល់ប្រជាកសិករ ត្រូវជ្រើសរើសពូជស្រូវណាដែលសុទ្ធល្អ មិនប្រកាន់រដូវ ចំណាក់ប្រាក់ដើមតិច ដើម្បីទទួលបានទិន្នផល និងមានតម្លៃខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុង និងក្រៅស្រុក។

ឯកឧត្តមអភិបាលខេត្ត បានណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំមន្ត្រីចុះជួបសំណេះសំណាល និងភួររាស់សាបព្រោះស្រូវ ជូនបងប្អូនប្រជាកសិករ ក្នុងភូមិកំពង់សំបួរ ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី រួមទាំងប្រតិភូ ក៏បានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមប្រមាណ ១៥០នាក់ ក្នុងម្នាក់ៗទទួលបាន សាងរុង១ និងក្រមា១ ព្រមទាំងបន្តភ្ជួររាស់សាបព្រោះស្រូវ សម្រាប់បើកធ្វើស្រែដើមរដូវផងដែរ៕