លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះទស្សនៈកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងតំបន់ទេសចរណ៍ប្រាសាទអង្គរ ខេត្តសៀមរាប


(សៀមរាប)៖ នៅថ្ងៃព្រហស្បត្តិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រួមទាំងសហការី បានអញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ខេត្តសៀមរាប ដែលអមដំណើរដោយលោកស្រី ហិញ ហាច ប្រធានមន្ទីរកិច្ចការនារី ខេត្តសៀមរាប រួមទាំងមន្ត្រីរាជការមន្ទីរខេត្ត ។
នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូមានគោលបំណងស្វែងយល់អំពីវឌ្ឍនភាព និងតម្រូវការបន្ថែមរបស់មជ្ឈមណ្ឌល នៅពេលស្ថានការក្រោយ Covid-19ត្រូវបញ្ចប់ ដើម្បីបង្កើនចង្វាក់ផលិតកម្ម និងស្វែងរកទីផ្សារ ដូចជា៖ រៀបចំវេទិការជាមួយនឹងវិស័យឯកជនដើម្បីឲ្យតំណាងមជ្ឈមណ្ឌល វិស័យឯកជន អ្នកផលិតក្នុងសហគមន៍ និងសហគ្រិនមានឱកាសពិគ្រោះយោបល់លើតម្រូវការទីផ្សារ។

លោកជំទាវរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនទៅលើការបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភស្ត្រីផ្នែកបច្ចេកវិទ្យាបន្ថែមទៅលើការអភិវឌ្ឍធុរកិច្ចតាមអនឡាញក្រោយ Covid-19។
ចំពោះវគ្គបណ្តុះបណ្តាលដែលបានធ្វើកន្លងមក លោកជំទាវបានសំណូបពរឲ្យធ្វើបច្ចុប្បន្នភាពលើកម្មវិធីសិក្សា ផ្នែកសិប្បកម្មឲ្យទាន់សម័យទៅលើតម្រូវការទីផ្សារ។ ក្នុងនោះផងដែរលោកជំទាវបានណែនាំប្រធានមជ្ឈមណ្ឌលឲ្យរៀបចំសកម្មភាពឲ្យមានភាពទាក់ទាញដៃគូឲ្យមករៀបចំសឹក្ខាសាលានៅក្នុងមជ្ឈមណ្ឌល និងភ្ញៀវទេសចរណ៍ឲ្យចុះទស្សនកិច្ខមជ្ឈមណ្ឌលដោយបង្ហាញសកម្មភាពផលិតកម្ម និងផលិតផលចុងក្រោយរបស់ខ្មែរ រួមទាំងការធ្វើបដសណ្ឋារកិច្ច។

ហើយនារសៀលថ្ងៃដដែល លោកជំទាវរដ្ឋមន្ត្រីបានបន្តដំណើរទស្សនកិច្ចការជួសជុលប្រសាទកណ្តាលស្រះស្រង់ និងដឹកនាំក្រុមការងារជិះកង់នៅបរិវេណប្រសាទអង្គរដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យទេសចរណ៍វប្បធម៌ និងការធ្វើលំហាត់ប្រាណដើម្បីសុខភាព ។