ព្រៃវែង៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងប្រតិភូអប់រំជាច្រើនរូប បានអញ្ជើញចុះពិនិត្យសកម្មភាពការរៀន និងការបង្រៀនពីចម្ងាយ នៅតាមសាលារៀន និងតាមខ្នងផ្ទះជាច្រើនក្នុងខេត្តព្រៃវែង។
ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យនេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានសួរសុខទុក្ខ ផ្ដល់អនុសាសន៍នានា ក៏ដូចជាចែករំលែកគន្លឹះក្នុងការបង្រៀនមុខវិជ្ជាគណិតវិទ្យាតាមបណ្ដាញអនឡាញផងដែរ។ ដោយឡែកឯកឧត្ដម ជា សុមេធី ថ្លែងក្នុងនាមតំណាងឱ្យរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រៃវែង បានសម្តែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញចុះពិនិត្យការរៀន និងការបង្រៀនពីចម្ងាយ និងបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់បង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកនៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូនៅក្នុងខេត្តព្រៃវែង។
សូមជម្រាបថា ក្នុងឱកាសនៃការបំពេញបេសកកម្មក្នុងខេត្តព្រៃវែងនេះ ឯកឧត្ដម និងប្រតិភូ បានអញ្ជើញចុះពិនិត្យការសិក្សានៅសាលារៀននានារួមមាន វិទ្យាល័យព្រះអង្គឌួង វិទ្យាល័យព្រៃព្នៅ សាលាបឋមសិក្សាកំពង់ពពិល និងបានចុះពិនិត្យការសិក្សានៅតាមខ្នងផ្ទះរបស់សិស្សានុសិស្សដែលសិក្សានៅសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង និងសាលាបឋមសិក្សាព្រុំ សុនក្ដីកណ្ដាល៕
១៧ មិថុនា ២០២០ | ខេត្តព្រៃវែង