ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញផ្ដល់អំណោយដល់ពលរដ្ឋខ្វះខាត ចំនួន ១១០គ្រួសារ និងអប់រំ ផ្សព្វផ្សាយ អំពីវិធីការពារជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ នៅឃុំគោកព្រេច ស្រុកគិរីវង់


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក ខាន់ សុខា អភិបាលរងខេត្ត លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ មន្រ្តីរាជការកងកំលាំងទាំង ៣ ក្នុងស្រុកគិរីវង់ បានអញ្ជើញចូលរួមផ្ដល់អំណោយដល់ពលរដ្ឋខ្វះខាត ចំនួន ១១០គ្រួសារ និងចុះអប់រំអំពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តអណ្ដូងទរ នៅឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋកុំភ្លេចឲ្យសោះ អំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ អំពីរីករាល ដាលនៃមេរោគកូវីដ១៩ កុំអោយមានឆ្លងនៅសហគមន៍របស់យើង ហើយជាពិសេសត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩ នេះ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត រហូតមកដល់ពេលនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តតាកែវបានបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈការចាក់មេក្រូនៅតាមភូមិ តាមវត្តអារ៉ាមនានា និងចុះអប់រំដល់ខ្នងផ្ទះប្រជាពលករដែលទើបវិលត្រលប់ពីក្រៅប្រទេសពីវិធីបង្ការនិងវិធានការការពារកុំឲ្យឆ្លងជំងឺកូវីដ១៩តាមរយៈការនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទប់ស្កាត់ក្នុងរលកទី២នេះ។

សូមបញ្ជាក់ដែរថា អំណោយដែលទទួលបានពីសប្បុរសជននានា ប្រគល់ជូនគ្រួសារខ្វះខាតទាំង ១១០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម អំបិល១គីឡូ ប៊ីចេង១គីឡូ ទឹកត្រី១យួរ មី២៥កញ្ចប់ អាលកុល១ដប សាប៊ូ ២ដុំ និងក្រម៉ា ១ ផងដែរ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយបានមួយរយះពេលផងដែរ៕