ក្រសួងផែនការ និងរដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្ត ស្ដីពីលទ្ធផលអត្តសញ្ញាណកម្មគ្រួសារក្រីក្រជុំទី១៣ ឆ្នាំ២០១៩ និងតាមការស្នើសុំក្នុងអំឡុងពេលកូវីដ១៩ និងការណែនាំអំពការប្រគល់ប័ណ្ណសមធម៌សម្រាប់ផ្ដល់ជូនគ្រួសារក្រីក្រតាមភូមិ ដល់រដ្ឋបាលក្រុងស្រុក ក្នុងខេត្តតាកែវ


តាកែវ៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ នៅព្រឹកថ្ងៃសុក្រ ១៤ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្ត ស្ដីពីលទ្ធផលអត្តសញ្ញាណកម្មគ្រួសារក្រីក្រជុំទី១៣ ឆ្នាំ២០១៩ និងតាមការស្នើសុំក្នុងអំឡុងពេលកូវីដ១៩ និងការណែនាំអំពការប្រគល់ប័ណ្ណសមធម៌សម្រាប់ផ្ដល់ជូនគ្រួសារក្រីក្រតាមភូមិ ដល់រដ្ឋបាលក្រុងស្រុក ក្នុងខេត្តតាកែវ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម​ យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ ដែលកិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ។

សូមបញ្ជាក់ដែរថា៖ បើគិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមកាស្នើសុំតំបន់ជនបទក្នុងអំឡុងពេលកូវីដ១៩ នៅខេត្តតាកែវ បានរកឃើញគ្រួសារក្រីក្រ សរុបចំនួន ២៩២៤គ្រួសារ ដែលក្នុងនោះគ្រួសារក្រីក្រ១ មានចំនួន ១២២៨គ្រួសារ និងគ្រួសារក្រីក្រកម្រិត២ មានចំនួន ១៦៧៦គ្រួសារ។ ដូច្នេះសរុបទិន្នន័យគ្រួសារក្រីក្រជុំទី១៣ ឆ្នាំ២០១៩ និងបន្ថែមទិន្នន័យបណ្ដោះអាសន្នគ្រួសារក្រីក្រតាមការស្នើសុំតំបន់ជនបទក្នុងអំឡុងកូវីដ១៩ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ គឺមានចំនួនគ្រួសារក្រីក្រសរុបជាបណ្ដោះអាសន្ន កើនដល់ ៣៣០៦៣គ្រួសារ ក្នុងនោះចំនួនគ្រួសារក្រីក្រកម្រិត១ កើនដល់ ១២២០១គ្រួសារ និងចំនួនគ្រួសារក្រីក្រកម្រិត២ កើនដល់ ២០៨៦២គ្រួសារ នៅទូទាំងខេត្តតាកែវ។ បច្ចុប្បន្នមន្រ្តីជំនាញនៃមន្ទីរផែនការខេត្ត បាននឹងកំពុងបន្តកិច្ចការនេះជាបន្តបន្ទាប់ទៀត ៕