កម្ពុជាជាប្រទេសតូចពិត ប៉ុន្តែមានបេះដូងមនុស្សធម៌ និងវប្បធម៌នៃការចែករំលែកយ៉ាងទូលំទូលាយ


នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រីដែលថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ អនុសាខាកាកបាទក្រហមកម្ពុជាតាមបណ្ដាខណ្ឌទាំង១៤ បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នករើសសំរាម ( អេតចាយ ) ចំនួន៣៩៤គ្រួសារ ក្នុងទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញ។ អំណោយទាំងអស់រួមមាន៖ អង្ករ២៥គីឡូក្រាម មី០១កេសតូច ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ ត្រីខកំប៉ុង០១ដុំ ម៉ាស់០១ដុំ ទឹកដោះគោកញ្ចប់១៨កញ្ចប់ និងថវិកាចំនួន៣០.០០០រៀលក្នុងមួយគ្រួសារ ដើម្បីរួមចំណែក និងកាត់បន្ថយការចំណាយក្នុងជីវភាពគ្រួសារបានមួយចំណែករបស់បងប្អូនអ្នករើសសំរាម ( អេតចាយ )ក្នុងទីលានចាក់សំរាមដង្កោ៕