ឯកឧត្តម ប្រាជ្ញ ចន្ទ បាននាំយកទៀនព្រះវស្សា និងបច្ច័យមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៤ វត្ត ក្នុងខេត្តត្បូងឃ្មុំ


នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា និងលោកជំទាវ រួមដំណើរដោយឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ បាននាំយកទៀនព្រះវស្សា និងបច្ច័យមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៤ រួមមាន៖ វត្តគិរីទក្ខិណារាម ហៅវត្តក្បាលបឹងសេះ វត្តគុជគិរីវ័ន (វត្តក្បាលអូរ) វត្តមង្គលវង្ស (វត្តកណ្ដាល) វត្តទួលវិហារមានជ័យ (វត្តទួលវិហារ) ស្ថិតនៅ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

កម្មវិធីនេះបានរៀបចំធ្វើឡើងនៅក្នង វត្តគិរីទក្ខិណារាម ហៅ វត្តក្បាលបឹងសេះ ស្ថិតនៅឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ និង លោកជំទាវរ រួមនឹងក្រុមការងារ​ បានប្រគេនទេយ្យទានសម្រាប់ព្រះសង្ឃក្នុងមួយវត្តៗ ទទួលបាន ទៀនវស្សាចំនួន១គូរ អង្ករ ១០០គីឡូក្រាម មី ២កេស ត្រីខចំនួន ២យួរ ទឹកត្រីចំនួន ២យួរ ទឹកស៊ីអ៊ីវចំនួន ២យួរ ទឹកក្រូចចំនួន ១កេស ទឹកដោះគោចំនួន ១០កំប៉ុង ទឹកសុទ្ធចំនួន ១កេស តែចំនួន ១០កញ្ចប់ ស្ករសចំនួន ១០គីឡូក្រាម សាដក់ចំនួន ១១កញ្ចប់ សម្រាប់៤វត្ត ប្រគេនបច្ច័យកសាង វត្តក្បាលបឹងសេះ ចំនួន២.៥០០.០០០រៀល និងវត្តចំនួន៣ រួមមាន វត្តកណ្ដាល​ វត្តក្បាលអូ និងវត្តទូលវិហារមានជ័យ ទទួលបានបច្ច័យកសាងចំនួន១.៥០០.០០០រៀល ប្រគេនដល់ព្រះចៅអធិការចំនួន៤វត្ត ក្នុងមួយអង្គៗថវិកាចំនួន១០ម៉ឺនរៀល ព្រះសង្ឃ៧អង្គ ក្នុងមួយអង្គៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល ផងដែរ ។