រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទស្សនកិច្ចនៅតាមគ្រឹះស្ថានសិក្សាឯកជន ដើម្បីពិនិត្យមើលយន្តការនៃការរៀបចំកម្មវិធីសិក្សា និងស្ថានភាពបន្ទប់រៀន បន្ទាប់ពីសាលាបានបិទទ្វាដោយយោងតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ក្នុងគោលដៅបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ដឹកនាំអប់រំជាច្រើនរូប ដោយការធ្វើទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅនៅគ្រឹះស្ថានសិក្សាឯកជនចំនួន២ គឺសាលាអន្តរជាតិភ្នំពេញ (ISPP) និងសាលាអន្តរជាតិ សៅប្រ៊ីដ (Southbridge International School) ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ក្រសួងអប់រំនៅមិនទាន់អាចកំណត់កាលបរិច្ឆេទនៃការបើកសាលារៀនឡើងវិញដោយស្ថានភាពនៃជំងឺកូវីដ-១៩ នៅចោទជាបញ្ហានៅឡើយ។ យ៉ាងនេះក្ដី ក្រសួងបាន និងកំពុងព្យាយាមលើកកម្ពស់កម្មវិធីអប់រំពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីធានាបាននូវគុណភាពអប់រំ ទោះសិស្សមិនអាចសិក្សាជាមួយគ្រូដោយផ្ទាល់ក្ដី៕
៣០ មិថុនា ២០២០ | រាជធានីភ្នំពេញ






