កិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តវិធានសុវត្តិភាពទេសចរណ៍សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប


នារលៀលថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលខេត្តសៀមរាប មានបើកកិច្ចប្រជុំស្តីពីការសម្រេចការបង្កើតក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តវិធានសុវត្តិភាពទេសចរណ៍សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ញើញចូលរួមពី លោកប្រធានទេសចរណ៍ នាយក/នាយករងទីចាត់ការជំនាញរបស់រដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។
កិច្ចប្រជុំនេះ គឺផ្តោតសំខាន់ទៅលើការបង្កើតក្រុមការងារដើម្បីជំរុញ និងតាមដានត្រួតពិនិត្យ ក្នុងការអនុវត្តវិធានសុវត្តិភាពទេសចរណ៍សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ដែលមាន ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តជាប្រធានក្រុមការងារ ដោយមានលោកប្រធានមន្ទីរទេសចរណ៍ជាប្រធានលេខាធិការដ្ឋាន និងជាអនុប្រធានក្រុមការងារ និងមន្ទីរ-អង្គភាពជុំវិញខេត្តជាសមាជិក។
ក្នុងនោះលោកប្រធានមន្ទីរទេសចរណ៍ដែលជាអនុប្រធានក្រុមការងារអាជីវកម្មទេសចរណ៍ បានធ្វើការបែងចែកក្រុមការងារដើម្បីចុះជំរុញ និងពិនិត្យតាមដានការអនុវត្តការងារនេះជា ៣ក្រុមដូចខាងក្រោម៖
ក្រុមទី១៖ ជាក្រុមការងារចុះជំរុញ និងត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្ថិភាពសេវាកម្មស្នាក់នៅទេសចរណ៍
ក្រុមទី២៖ ជាក្រុមការងារចុះជំរុញ និងត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្ថិភាពសេវាកម្មភោជនីដ្ឋាន និងអាហារដ្ឋានទេសចរណ៍ និងក្រុមការងារទី៣ ជាក្រុមការងារចុះជំរុញ និងត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្ថិភាពសេវាកម្មដឹកជញ្ជូនទេសចរផ្លូវទឹក ផ្លូវគោក សេវាកម្មរមណីដ្ឋាន និងសហគមន៍ទេសចរណ៍ផងដែរ៕