កិច្ចប្រជុំ បូកសរុបរបាយការណ៏ប្រចាំឆ្នាំ២០១៩និងប្រចាំឆមាសទី១ ឆ្នាំ២០២០ ស្តីពីការឣនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព និងពិធីផ្តល់ប័ណ្ណសរសើរ និងលិខិតសរសើរជូនដល់រដ្ឋបាល ឃុំសង្កាត់ នៅសាលាខេត្តបាត់ដំបង


នៅថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ បូកសរុបរបាយការណ៏ប្រចាំឆ្នាំ២០១៩ និងប្រចាំឆមាសទី១ ឆ្នាំ២០២០ ស្តីពីការឣនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព និងពិធីផ្តល់ប័ណ្ណសរសើរ និងលិខិតសរសើរជូនដល់រដ្ឋបាល ឃុំសង្កាត់ នៅសាលាខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត គណៈអភិបាលខេត្ត សាលាដំបូងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក ទីបញ្ជាការកងរាជអាវុធខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលឃុំនសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ងួន រតន: បានថ្លែង និងផ្តាំផ្ញើដល់ ឣភិបាលក្រុង ស្រុក មេឃុំចៅសង្កាត់ ឱ្យយកចិត្តទុកដាក់ចូលរួម “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាស់លាស់និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសអ្នកអនុវត្តផ្ទាល់នៅតាមឃុំ សង្កាត់ ត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត ចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។

ឯកឧត្តម ងួន រតនៈ ក៏បានប្រគល់ប័ណ្ណសរសើរ និងថវិកា ដល់រដ្ឋបាលក្រុង ស្រុក ដែលជាប់ជ័យលាភីជានិមិត្តរូបផងដែរ។

សូមជម្រាបជូនដែរថា សម្រាប់ខេត្តបាត់ដំបងបានទទួល ប័ណ្ណសរសើរ ជ័យលាភីប្រភេទ១ មានចំនួន ៨១ ឃុំ សង្កាត់ ក្នុងមួយឃុំ សង្កាត់ទទួលបាន ថវិកា ៥០០.០០០៛ លិខិតសរសើរ ជ័យលាភប្រភេទ២ មានចំនួន ១៧ ឃុំ សង្កាត់ ថវិកា ៣២៥.០០០៛ និង
លិខិតសរសើរ ជ័យលាភប្រភេទ៣ ដល់ឃុំ សង្កាត់ ចំនួន ឃុំ សង្កាត់ និងថវិកា ២៥០.០០០៛ ក្នុងមួយឃុំសង្កាត់ផងដែរ៕