ថ្នាក់ដឹកនាំខេត្តសៀមរាប នាំយកទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឍ ៤៥វត្ត ក្នុងក្រុងសៀមរាប


ថ្នាក់ដឹកនាំខេត្តសៀមរាបបាននាំយកទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួនធំ ត្រូវបាននាំយកទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃក្នុងក្រុងសៀមរាបចំនួន៤៥វត្ត ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ មន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងពុទ្ធសាសនិកជនជាច្រើននាក់បានអញ្ជើញចូលរួម កាលពីចុងសប្តាហ៍ថ្ងៃសៅរ៍ ទី០៤ កក្កដា ឆ្នាំ២០២០ នៅវត្តរាជបូព៌។

ក្នុងនាឱកាសនោះ ឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ថា ទៀនព្រះវស្សានិងទេយ្យវត្ថុដែលនាំមកប្រគេនព្រះសង្ឃនាពេលនេះ គឺសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃក្នុងរយះពេលគង់ចាំព្រះវស្សាអស់ត្រីមាសនៅតាមទីវត្តអារាមនានា ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះផងដែរ ។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋ និង បងប្អូនពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនាប៉ុណ្ណោះទេ វាគឺជាទីកន្លែងសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទថែមទៀត គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សជាជង្រុកនៃមូលដ្ឋានគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើងយ៉ាងពិតប្រាកដមិនអាចខ្វះបានឡើយ ។

ឯកឧត្តម បានបន្តថា យើងទាំងអស់គ្នាតែងតែគោរពប្រពៃណីសាសនាព្រះពុទ្ធ គឺព្រះសង្ឃក៏ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាមនោះ ទើបថ្ងៃនេះត្រូវបាន គណៈអភិបាល និងប្រធានក្រុមប្រឹក្សាខេត្ត សប្បុរសជនក្នុងខេត្ត បាននាំយកនូវទេយ្យវត្ថុដើម្បីវេរប្រគេនដល់ព្រះសង្ឃ សម្រាប់យកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។ ចំពោះការប្រគេនទៀនព្រះវស្សានេះ គឺជាការប្រារឰធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមាននាសម័យកាលយូរលង់មកហើយ នៅជារៀងរាល់ឆ្នាំ និងដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងរយៈពេលមួយត្រីមាស ដែលចាប់ចូលពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃពេញបូរមីខែអស្សុជ ។ ឯកឧត្តម ទៀ សីហា ក៍បានសម្តែងនូវការគោរពនិងជឿជាក់ ក្នុងនាមជាពុទ្ឋសាសនិក និងបានបញ្ចាក់ថា ចូលវស្សាឆ្នាំនេះ គឺស្ថិតក្នុងស្ថានភាពនៃវបត្តិកូវីដ១៩ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមិនបានជួបជុំ រៀបចំប្រារព្ធពិធីបុណ្យផ្សេងៗ តាមប្រពៃណីទំនៀមទម្លាប់សាសនានោះទេ ។

ទាំងនេះក៏សបញ្ជាក់ឲ្យឃើញថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែនទើបប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់ទីកន្លែងទូទាំងប្រទេស ដូចជាផ្លូវថ្នល់ ស្ពាន ប្រឡាយទឹកសាលារៀន មន្ទីរពេទ្យ វត្តអារាមមាននៅគ្រប់ក្រុងស្រុក ឃុំសង្កាត់ ទូទាំងប្រទេសដែលផ្តល់នូវទំនុកចិត្តពីប្រជាពលរដ្ឋផងដែរ ។ ទៀនព្រះវស្សា និងទេយ្យទាន សម្ភារៈ ដែលបានវេរប្រគេនព្រះសង្ឃទាំង៤៥វត្ត ដោយក្នុងមួយៗវត្ត ទទួលបានទៀនព្រះវស្សាធំ០១គូរ .ទឹកបរិសុទ្ធ៥កេស,អង្ករ១០០គីឡូក្រាម, មី១កេសធំ,ទឹកក្រូច៣កេស ,ទឹកត្រី៥យួរ ,ទឹកស៊ីអ៊ីវ៥យួរ,ត្រីខ១កេស,ទឹកដោះគោ១កេស,ស្កសរ៥គីឡូក្រាម, អំបិល១០គីឡូក្រាម,តែ២,៥គីឡូក្រាម,ធូប១ដុំធំនិងបច្ច័យ ចំនួន(១លាន៤៦៣ពាន់រៀល ) ៕