ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន សំណេះសំណាលជាមួយកងទ័ពមួកខៀវ២កង ដែលត្រៀមបំពេញបេសកកម្មនៅម៉ាលី


(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសំណេះសំណាល ជាមួយកងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកំទេចគ្រាប់មិនទាន់ផ្ទុះលេខ៨៨២ ដែលត្រៀមទៅបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសម៉ាលី។

ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទមួយចំនួនផងដែរ។

គួរជម្រាបថា នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ កងទ័ពមួកខៀវកម្ពុជា ចំនួន៨០នាក់ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី នឹងវិលត្រឡប់មកមាតុភូមិវិញផងដែរ៕