លោកជំទាវ ឱ វណ្ណឌីន ចុះស្វែងយល់ជុំវិញការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល លើការទប់ស្កាត់ការរីករាលដាល COVID-19 នៅខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះមកស្វែងយល់ជុំវិញការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួង សុខាភិបាលស្តីពី ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២០ ដោយមានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ក្នុងកិច្ចប្រជុំនោះលោកជំទាវ ឱ វណ្ណឌីន បានថ្លែងនូវការកោតសរសើរអាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការបង្ការ ទប់ស្កាត់ការរីករាល់ដាលវីរុសកូវីដ-១៩ និងការអនុវត្តវិធានការរបស់ក្រសួង សុខាភិបាលកន្លងមក ដែលបានដាក់ចេញវិធានការនានា និងមានកិច្ចសហការយ៉ាងល្អប្រសើរជាមួយភាគីថៃ ក្នុងការទទួលបងប្អូនពលករខ្មែរ ដែលភាគីថៃបានបញ្ជូនមកវិញតាមច្រកព្រំដែន ដែលមានការរៀបចំទីតាំងបានយ៉ាងល្អ និងមានប្រសិទ្ធភាព។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា «រឿងកូវីដ-១៩នេះ សុំឲ្យអាជ្ញាធរខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នផ្សព្វផ្សាយពីវិធានការ ទប់ស្កាត់ពីការចម្លងជំងឺនេះ ជាពិសេសករណីនាំចូលពី ប្រទេសជិតខាង ក្នុងនោះទប់ស្កាត់ការលួចឆ្លងដែនរបស់បងប្អូនពលករ ដើម្បីទៅរកការងារនៅប្រទេសថៃ ដែលវាជាហានីភ័យខ្ពស់ពីការឆ្លងកូវីដ-១៩នេះ»។

លោកជំទាវក៏បានលើកឡើងថា ខេត្តបន្ទាយមានជ័យជាខេត្តជាប់ព្រំដែន ប្រទេសថៃ ដែលជាក្តីព្រួយបារម្ភមួយ ដែលទាមទារឲ្យអាជ្ញាធរត្រូវបង្កើនការទប់ស្កាត់ឲ្យបានខ្ពស់។ ចំពោះការធ្វើដំណើរ ចេញចូលទៅប្រទេសថៃ ព្រោះខេត្តបន្ទាយមានជ័យមានច្រករបៀងច្រើនពិបាកក្នុងការទប់ស្កាត់ ជាពិសេសបងប្អូនពលករ លួចឆ្លងដែនទៅទឹកដីថៃ ដែលមកទល់ពេលនេះ មានពលករមកពីថៃជិត ៧ម៉ឺននាក់ ដែលបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារមុនពេលឲ្យចេញដំណើរត្រលប់ទៅមណ្ឌលចត្តាឡីស័ក ឬស្រុកកំណើតរបស់ខ្លួនវិញ។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៀតថា កន្លងមកអាជ្ញាធរខេត្តរួមនឹងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ចេញនូវវិធានការផ្សេងៗ ក្នុងការទប់ស្កាត់ការរីករាលដាលពីការចម្លងកូវីដ-១៩ ហើយពលរដ្ឋមានការយល់ដឹង និងអនុវត្តបានយ៉ាងល្អប្រសើរជាមួយនឹងការដាក់នូវវិធានការរបស់អាជ្ញាធរ។

ឯកឧត្តម អ៊ុំ រាត្រី បានថា «រដ្ឋបាលខេត្តនឹងខិតខំអំពាវនាវឲ្យការកៀគរ ជួយគាំទ្រប្រតិបត្តិការរបស់ក្រុមការងារសុខាភិបាល កងកម្លាំងដែលឈរជើងតាមគោលដៅនានា ពិសេសតាមបន្ទាត់ព្រំដែន ឲ្យដល់បងប្អូនពលរដ្ឋក្នុងខេត្ត ត្រូវបន្តអនុវត្តនូវវិធានការដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តវិធានការអនាម័យ លាងសម្អាតដៃជាមួយសាប៊ូទឹកស្អាត អាល់កុល ឬជែលជាពិសេសត្រូវពាក់ម៉ាក់ការពារពេលចេញធ្វើដំណើរតាមទីសាធារណៈផ្សេងៗ»៕