ឯកឧត្តម ប៉ុញ សច្ចៈ អញ្ជើញចុះពិនិត្យវឌ្ឍនភាពស្តារនិងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដំណាក់ឈើក្រំ


នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដោយមន្រ្តីបច្ចេកទេសក្រសួងសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចូលរួមដោយទីប្រឹក្សាបច្ចេសទេសគម្រោងកាត់បន្ថយហានិភ័យគ្រោះទឹកជំនន់ និងរាំស្ងួតក្នុងមហាអនុតំបន់មេគង្គបានចុះពិនិត្យ៖

១- វឌ្ឍនភាពស្តារនិងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដំណាក់ឈើក្រំ រួមមានទីតាំងសំណង់មេស្ទាក់ទឹកស្ទឹងពោធិ៍សាត់ ទីតាំងប្រឡាយមេកំណាត់ផ្នែកក្បាលប្រឡាយ ប្រវែង៨០០ម ដែលទើបបានដោះស្រាយផលប៉ះពាល់រួច និងទីតាំងប្រព័ន្ធប្រឡាយរង (Secondary and Tertiary Canal System) ដើម្បីកែសម្រួលលក្ខណៈ បច្ចេកទេស និងជម្រុញល្បឿននៃការសាងសង់។

២- បន្ទាប់មកក្រុមការងារបានបន្តចុះពិនិត្យមើលស្ថានភាពទឹក និងការងារបង្កបង្កើនផល ដោយគិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើតផលអនុវត្តន៍បានចំនួន ១១១.៩៥៥ហត លើផែនការ ១១៥.០០០ហត ស្មើនឹង ៩៧.៣៥% ក្នុងនោះ ផ្ទៃដីចំនួន ៤១.៩៥៥ហត ស្ថិតនៅក្រៅប្រពន្ធ័ធារាសាស្រ្ត ដែលដាំដុះអាស្រ័យលើទឹកភ្លៀង ហើយក្នុងចំណោមផ្ទៃដីក្រៅប្រព័ន្ធមាន ចំនួន ១០.០០០ហត ស្ថិតនៅឃុំបឹងខ្នារ ឃុំបឹងបត់កណ្តោល ឃុំមេទឹក និងឃុំអូរតាប៉ោង អាចប្រឈមនឹងការខ្វះទឹក និងក្រៀមស្វិតក្នុងករណីរាំងស្ងួតដោយកូនរដូវប្រាំងកើតឡើងជាយថាហេតុ។
វិធានការចំពោះមុខ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានត្រៀមលក្ខណៈ នឹងធ្វើការទន្លាក់ទឹកពីអាងទឹកទំនប់ ៥ ដែលកំពុងតម្កល់ទឹកបាន១០០% ស្មើនឹង ២៥ លានម៉ែត្រគូប និងអាងទឹកទំនប់៣ ដែលទើបតែទទួលទឹកបានប្រមាណ៨០% ស្មើនឹង ២០លានម៉ែត្រគូប ជួយអន្តរាគមន៍ ដល់ប្រព័ន្ធធារាសាស្រ្ត ដំណាក់អំពិល និងប្រព័ន្ធចារឹក និងត្រៀមប្រេងឥន្ទនៈ និងម៉ាសុីនបូមទឹកចល័តសម្រាប់អន្តរាគមន៍ទីតាំងដែលមានប្រភពទឹក ៕