ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញចុះពិនិត្យដំណើរការដាក់សាកល្បងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ​រាជធានីភ្នំពេញ​


បន្ទាប់ពីចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៧ និងដាក់ឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ រួចមក ។​ នៅព្រឹកថ្ងៃពុធ ទី១០ រោជ ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម​ ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៌ អមដំណើរដោយថ្នាក់ដឹកនាំ​និងមន្ត្រីជំនាញរបស់ក្រសួង និងតំណាង​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដឹកនាំដោយឯកឧត្តម ស៊ឹម ស៊ីថា ជាអគ្គនាយក និងលោកស្រី Ophélie Bourhis ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៌ (AFD)ប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យជាក់ស្តែងការដាក់ឲ្យដំណើរការសាកល្បងនៃគម្រោងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន​ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ។​
​សូមបញ្ជាក់ថា៖គម្រោងសាងសង់ពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន​ គឺជាគម្រោងដែលបានកំណត់ក្នុងផែនការមេទី៣ របស់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមគម្រោងហិរញ្ញប្បទានរួមគ្នា ដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៌ (AFD) និងថវិកាបដិភាគដោយអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានទំហំទឹកប្រាក់ចំនួន ជាង១៥ លានដុល្លារសហរដ្ឋអាមេរិក ​និង ជិត ០៨ លានអឺរ៉ូ ។ គម្រោងនេះ បានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន វ៉ាំង ស៊ី (VINCI) ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ និងស្ថិតក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន សាហ្វេរ (Safage) ។ គម្រោងនេះ បានចាប់ផ្តើមបើកការដ្ឋានពង្រីកសមត្ថភាពអាងប្រព្រឹត្តិកម្មរបស់ខ្លួននាថ្ងៃទី១៨ ខែ តុលា​ ឆ្នាំ២០១៧ និងបានដាក់ឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ។
​គម្រោងនេះរួមបញ្ចូលក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធទាំងមូល រួមទាំងបណ្តាញមេនាំទឹកល្អក់ ដែលមានសមត្ថភាពបូមទឹកល្អក់ពីទន្លេបាសាក់បានចំនួន៥៧.០០០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ និងនាំទឹកស្អាតនៃរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមននេះ ក្នុងសមត្ថភាពផលិតចំនួន៥២.០០០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ ។
​ក្នុងដំណើចុះពិនិត្យស្វែងយល់នោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃការពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន​ប្រកបដោយជោគជ័យនេះ ដែលជាជំនួយដ៏សំខាន់ក្នុងការផ្គត់ផ្គង់ទឹកក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងខ័ណ្ឌចំការមន ដែលកំពុងមានការរីកដុះដាលយ៉ាងព្រោងព្រាតនូវសំណង់អគារ ធំៗ ខ្ពស់ៗ ហើយនៅពេលខាងមុខឆាប់ៗ យើងនឹងអាចសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបាន ។
​សូមបញ្ជាក់ថា៖សមត្ថភាពរោងចក្រប្រព្រឹត្តិកម្មផលិតទឹកស្អាតបច្ចុប្បន្នរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបចំនួន៦៣២.០០០ ម៉ែត្រត្រីគុណ គឺ៖ស្ថានីយ៌ភូមិព្រែក មានសមត្ថភាពផលិតបាន១៧ ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ-ស្ថានីយ៌ជ្រោយចង្វារមានសមត្ថភាពផលិត ១៥ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ-ស្ថានីយ៌និរោធមានសមត្ថភាពផលិតបាន ២៦ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងស្ថានីយ៌រោងចក្រចំការមននេះ មានសមត្ថភាពផលិតបាន ៥ម៉ឺន ២ពាន់ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ​ ។
ជាទស្សនៈវិស័យរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញត្រូវខិតខំបន្ថែមទៀត​ ក្នុងការពង្រីកសមត្ថភាពផលិតរបស់ខ្លួន ដើម្បីបំពេញតម្រូវការ ស្របពេលដែលរាជធានីភ្នំពេញបច្ចុប្នន្នត្រូវបានពង្រីកផ្ទៃក្រឡារបស់ខ្លួនធំជាងមុន ហើយការវិវឌ្ឍន៌សំណង់អគារធំៗ និងប្រជាពលរដ្ឋក៏មានការកើនឡើងយ៉ាងឆាប់រហ័សផងដែរ ។​ ដោយឡែកការពង្រីកទុន និងការទាក់ទាញវិនិយោគ ការស្វែងរកប្រភពជំនួយ និងដៃគូអភិវឌ្ឍន៌គឺជាការងារចាំបាច់​ ដើម្បីដោះស្រាយការផ្គត់ផ្គង់ទឹកស្អាតឲ្យដល់ទីប្រជុំជន និងឈានដល់តំបន់ជនបទ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ ដែលចង់ឲ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ ជៀសផុតបាននូវជម្ងឺដង្កាត់ផ្សេងៗ ដោយសាការប្រើប្រាស់ទឹកមិនស្អាត ។