សម្តេចចៅហ្វាវាំង រៀបចំពិធីសច្ចាប្រណិធានជូនសមាជិក នៃក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៣


(ភ្នំពេញ)៖ ដោយបានទទួលការប្រោស ព្រះរាជទានដ៏ខ្ពង់ខ្ពស់ពីព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសច្ចាប្រណិធាន ដែលបានរៀបចំឡើងនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នៅវេលាម៉ោង១៦រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ជូនដល់ឥស្សរជនជាតិចំនួន១០រូប ជាសមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិទី៣ មាន៖ ឯកឧត្តម គុយ សុផល, ឯកឧត្តម លី ណារុន, ឯកឧត្តម តុប សំ, លោកជំទាវ សោម គីមសួគ៌, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តម ហេង វង្សប៊ុនឆាត, ឯកឧត្តម កែវ រ៉េមី, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង, ឯកឧត្តម កើត រិទ្ធ, ឯកឧត្តម តាំង ស៊ុនឡាយ។

ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិទី៣ បានធ្វើកិច្ចសច្ចាប្រណិធាន នៅក្រោមព្រះតេជៈបារមី ដ៏មានឬទ្ធានុភាពសក្តិសិទ្ធ នៃទេវតាថែរក្សា ព្រះមហាស្វេតច្ឋ័ត្រ នៅចំពោះព្រះភ័ក្រ ព្រះបរមឆាយាល័ក្ខណ៏ ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត, និងនៅចំពោះព្រះភ័ក្រសម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី កិតិ្តឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះភ័ក្រសម្តេចព្រះអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងបានប្រណិបត្តិសូត្រតាមខ្លឹមសារ ដ៏ពិសេស នៃសេចក្តីសច្ចាប្រណិធាន ដែលអានដោយសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គា។

ក្រុមបាគូប៉ុរ៉ោហិតព្រះបរមរាជវាំង បានបន្លឺស័ង្ខជ័យ និងជូនទឹកពិភ័ទ្ទសច្ចាប្រណិធាន ទៅតាមប្រពៃណីរបស់ព្រហ្មញ្ញសាសនា ជូនឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិទី៣គ្រប់រូប។ លំដាប់អំពីនេះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទាននូវ ពុទ្ធជ័យមង្គល ចំពោះឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិទី៣គ្រប់រូប សូមបានសម្រេច ជោគជ័យក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជារាស្ត្រកម្ពុជា ព្រមទាំងបាន ប្រកបនូវព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំងវររៀងជ័យអធិបតីស្រឹង្គា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រ បានថ្វាយព្រះរាជទ្រព្យមានៈ លៀង និងបវរណាចតុបច្ច័យ ថ្វាយសម្តេចព្រះមហាសង្ឃរាជទាំង២គណៈ៕