អនុវត្តអនុសាសន៍សម្តេចតេជោ ហ៊ុន សែន, ផ្លូវបេតុងប្រវែងជាង៥រយម៉ែត្រ ផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងឃុំបានកាម ស្រុកព្រៃកប្បាស ត្រូវបានបើកការដ្ឋានសាងសង់នៅព្រឹកនេះ


(តាកែវ)៖ ផ្លូវចាក់បេតុងមួយខ្សែបណ្ដោយប្រវែងចំនួន៥៤៥ម៉ែត្រ និងទទឹង៥ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្ដល់ជូនបងប្អូន ប្រជាពលរដ្ឋនៅក្នុងភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ត្រូវបានអាជ្ញាធខេត្តតាកែវ ចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែកក្ដដា ឆ្នាំ២០២០នេះ ក្រោមអធិបតីឯកឧត្តម ខាន់ សុខា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ។

ថ្លែងនៅក្នុងឱកាសបើការដ្ឋានសាងសង់ផ្លូវបេតុង អំណោយសម្ដេចតេជោជូនបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ខាន់ សុខា បានថ្លែងឲ្យដឹងថា ឆ្លើយតបទៅនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានសុំសម្ដេចតេជោឲ្យជួយកែលម្អ និងពង្រីកផ្លូវនៅក្នុងភូមិដែលពិបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន បានចុះមកស្រុកព្រៃកប្បាស់ ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែកក្កដា កន្លងមកនេះ។

ពេលនោះសម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធខេត្តតាកែវ ឲ្យចុះមកសិក្សាពីផ្លូវនេះឲ្យបានឆាប់ ហើយបើកការដ្ឋានធ្វើផ្លូវបេតុងជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីបង្ការការងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ចូនកសិកផលទៅលក់នៅទីផ្សារបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលរងខេត្តតាកែវ បានបន្តថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន លោកតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសនៅពេលដែលសម្ដេច ចុះមកជួបបងប្អូនកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីពេលថ្មីៗនេះ សម្ដេចបានជួយឧបត្ថមម៉ាស៊ីនព្រួសស្រូវដល់បងប្អូនកសិករជាច្រើនរយគ្រឿង និងបានធ្វើផ្លូវមួយចំនួនតាមការ ស្នើសុំរបស់ប្រជាកសិករថែមទៀតផង។

ការផ្ដល់ម៉ាស៊ីនព្រួសស្រូវក៏ដូចជាការជួយជួសជុលកែលម្អផ្លូវរបស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ គឺជាការយកចឹត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូន ដោយធ្វើការយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ អាចដឹកដំណាំកសិកម្មដែលបងប្អូនប្រមូលផលយកទៅលក់នៅលើទីផ្សារបានឆាប់រហ័ស និងលក់បានក្នុងតម្លៃមួយសមរម្យថែមទៀតផង។

អ្នកមីង ឃិន គន ប្រជាពលរដ្ឋរស់ភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ បានលើកឡើងពីផ្លូវក្នុងភូមិដែលកន្លងមកពិបាកក្នុងការធ្វើដំណើរព្រោះផ្លូវតូចចង្អៀត និងថែមទាំងខូចទៀតផង ដូច្នោះការផ្ដល់អំណោយជាផ្លូវបេតុងរបស់សម្ដេចតេជោ ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិសប្បាយចិត្តរកអ្វីប្រៀបផ្ទឹម ពុំបានក្រៅតែពីថ្លែងអំណរគុណដល់ សម្ដេចតេជោនិងសូមជូនពរឲ្យសម្ដេចតេជោមានសុខភាពល្អ បន្តដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនទៅមុខទៀត៕