កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០


កំពង់ឆ្នាំង : កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការអនុវត្តក្នុងឆមាសទី២ត្រូវបានធ្វើឡើង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ក្រោម អធិបតីភាព ឯកឧត្តមឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួន ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចូលរួមផងដែរ។

តាមរបាយការណ៍ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថានៅក្នុងឆមាសទី១ កន្លងមកនេះមន្ត្រីជំនាញបានធ្វើការចុះបញ្ជីយាន្តយន្ត ផ្តល់បណ្ណបើកបរ ត្រួតពិនិត្យលក្ខណបច្ចេកទេសយាន្តយន្ត ការចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់គ្រប់មូលដ្ឋាននានានៅក្នុងខេត្តកំពង់ឆ្នាំង ។ នៅឆមាសទី១នេះករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន២១លើក មានការថយចុះ៣១បើប្រៀបធៀបនិងរយៈពេលដូចគ្នា ឆមាសទី១ឆ្នាំ២០១៩ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានសំដែងនូវការកោតសរសើរដល់មន្ត្រីជំនាញទាំងអស់ដែលខិតខំប្រឹងប្រែងក្នុងការចូល
រួមធ្វើការផ្សព្វផ្សាយ និង អនុវត្តនូវវិធានការការរឹតបន្តច្បាប់ចរាចរណ៍ផ្លូវគោកមានប្រសិទ្ធិភាពខ្ពស់ និងដាក់ចេញវិធានការបន្ថែមក្នុងការរឹតបន្តឹងទៅលើការប្រើប្រាស់រថយន្តកែច្នៃ ទោចក្រយាន្តយន្តច្នៃសណ្តោងរឺម៉ក និងគោយន្តចេញចូលក្រុង ដើម្បីបញ្ជៀសអោយបាននូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿនបានមានប្រសាន៍បន្តទៀតថាៈ កន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បានបណ្តាលមកពី រថយន្តកែច្នៃ គោយន្តកន្រ្តៃ បើកបរលើសល្បឿនកំណត់ និងមិនមានប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានសំណូមពរដល់អនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ត្រូវចូលរួមសហការបន្តជាមួយ ការិយាល័យសាធារណការ អធិការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអវុធហត្ថគ្រប់ក្រុង-ស្រុកទាំង៨ ត្រូវចុះផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ចុះចងបដាអប់រំស្តីពីច្បាប់ចរាចរណ៍ និង ការរឹតបន្តឹងច្បាប់ចរាចរណ៍គ្រប់គោលដៅដែលបានកំណត់ និងបង្កើនការផ្សព្វផ្សាយអំពីវិធានការ បង្ការ ទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីត១៩ ផងដែរ ។